(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីកម្ពុជា ៣រូប រួមមានកីឡាករ ហ៊ីម គឹមរៀង, ឡៅ ចិត្រា និងកីឡាការិនី ខា ចាន់ដេង សុទ្ធតែទទួលបានជ័យជម្នះ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (Kun Khmer Sea Championship 2022) នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ។

កីឡាករ ហ៊ីម គឹមរៀង បានផ្ដួលកីឡាករម៉ាឡេស៊ី Iskandar Zulqarnain ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ។ ជ័យជម្នះនេះ ធ្វើឲ្យកីឡាករម្ចាស់ផ្ទះកម្ពុជារូបនេះ ត្រូវជួបកីឡាករវៀតណាម Duong Hoang Tuan នៅវគ្គបន្ដ បន្ទាប់ពីកីឡាករវៀតណាមរូបនេះ បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Aye Kozin ដោយពិន្ទុ ។

ចំណែកជើងខ្លាំងគុនខ្មែរ ឡៅ ចិត្រា បានវាយកីឡាករវៀតណាម Ngo Vuong Dat ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ។ រីឯកីឡាការិនី ខា ចាន់ដេង វិញ បានយកឈ្នះកីឡាការិនីមីយ៉ាន់ម៉ា Maiy Thazin Htoo ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៤៨ពិន្ទុ ។

រីឯលទ្ធផលថ្ងៃដំបូង ៥គូផ្សេង រួមមានកីឡាករវៀតណាម Luong Thanh Phuc ផ្ដួលកីឡាករឥណ្ឌូនេស៊ី Anshari Marif និងកីឡាករមីយ៉ាន់ម៉ា Saw Mya Moe ផ្ដួលកីឡាករហ្វីលីពីន Bassig Gerald ក្នុងប្រភេទទម្ងន់ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ដូចគ្នា ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។

កីឡាករមីយ៉ាន់ម៉ា Saw Hlawin Soe បានយកឈ្នះកីឡាករវៀតណាម Tran Nguyen Loc និងកីឡាករម៉ាឡេស៊ី Muhammad Akashabin យកឈ្នះកីឡាករហ្វីលីពីន Brioso Arnie ដោយពិន្ទុដូចគ្នា ក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម និងកីឡាការិនីវៀតណាម Nguyen Thanh Hang យកឈ្នះកីឡាការិនីម៉ាឡេស៊ី Nurhuda Fakhira ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ។

ថ្លែងក្នុងពិធីបើកការប្រកួតនេះ លោក វ៉ាត់ ចំរើន គ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងអំណរគុណដល់បណ្ដាប្រទេសទាំងអស់ ដែលបានចូលរួមគាំទ្រដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកប្រដាល់គុនខ្មែរអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ថា «ក្នុងនាមគណៈកម្មការរៀបចំទាំងអស់ សូមគោរពថ្លែងអំណរគុណ ដល់ប្រតិភូបណ្ដាប្រទេសនានា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលជាការប្រកួតមួយ ដែលគេហៅថា ជាប្រភេទព្រឹត្តិការណ៍ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣»។

គួរដឹងថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ខាងលើ មានកីឡាករ-កីឡាការិនីចូលរួមជាង ១៤០នាក់ មកពី ៧ប្រទេស ក្នុងតំបន់អាស៊ាន ដែលត្រូវបានចាត់ទុកជាការប្រកួត Pre-SEA Games សម្រាប់កីឡាប្រដាល់គុនខ្មែរ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕