(គូឡាំឡាំពួរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ៤-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅរាត្រីថ្ងៃទី០៩ ខែធ្នូនេះ នៅកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី ។

ជំនួបដកស្រង់បច្ចេកទេសត្រៀមការប្រកួតពានរង្វាន់ប្រចាំតំបន់ AFF Mitsubishi Electric Cup 2022 ក្រុមគោព្រៃកម្ពុជា បានរបូត ៣គ្រាប់ក្នុងវគ្គទី១ មុនក្រុមម្ចាស់ផ្ទះបន្ថែម ១គ្រាប់នៅចុងម៉ោង ដែលធ្វើឲ្យម៉ាឡេស៊ី ទទួលបានជ័យជម្នះ ៤-០ តែម្ដង ។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិខាងលើ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រឡប់មកបន្ដប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុកវិញ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលកម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រ៊ុយណេ ។

ចំពោះកម្មវិធីប្រកួតជើងឯកអាស៊ាននេះ កម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលហ្វីលីពីនមុនគេ នាថ្ងៃទី២០-ធ្នូ មុនជួបឥណ្ឌូនេស៊ី ក្រៅដី នាថ្ងៃទី២៣-ធ្នូ ។ បន្ទាប់មក កម្ពុជានឹងត្រូវបើកទ្វារផ្ទះជាថ្មី ទទួលប៊្រុយណេ នាថ្ងៃទី២៩-ធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕