(ដូហា)៖ អាហ្សង់ទីន ជាក្រុមទី២ ដែលបានឡើងទៅវគ្គ ៤ក្រុមនៃ FIFA World Cup 2022 នៅប្រទេសកាតា ដោយត្រូវប៉ះគូប្រជែងក្រឡាអុកក្រូអាតទៀត។

ក្រុមមកពីតំបន់អាមេរិកឡាទីនខាងលើនេះ បានទម្លាក់គូប្រជែងទឹកក្រូចហូឡង់នៅអឺរ៉ុប ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤ទល់នឹង៣ នៅពេលប្រកួត ១២០នាទីស្មើគ្នា ២-២។

នេះមានន័យថា អាហ្សង់ទីនបានឡើងទៅវគ្គចាញ់-ធ្លាក់ ៤ក្រុមបន្តទៀតជាលើកទី២ ផងដែរនៅ World Cup ៣សម័យកាលចុងក្រោយនេះ។

ចំណែកឯគូប្រជែងក្រូអាត ដែលជាជើងឯករងកាល World Cup 2018 នៅរុស្ស៊ីនោះ បានទម្លាក់ក្រុមខ្លាំងសាំបាប្រេស៊ីលដោយបាល់ប៉េណាល់ទីដូចគ្នា ៤ទល់នឹង២ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងស្មើគ្នា ១-១ រួចមក។

ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងក្រូអាត នឹងធ្វើឡើងនៅរាត្រីម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)៕