(ដូហា)៖ Stadium 974 ដែលជាកីឡដ្ឋានបណ្តោះអាសន្នលើកដំបូងបង្អស់ នៅឯព្រឹត្តិការណ៍ World Cup បាននឹងកំពុងត្រូវបានរុះរើ បន្ទាប់ពីធ្វើជាទីកន្លែងប្រកួតបានចំនួន ៧លើក ក្នុងរយៈពេល ២សប្តាហ៍នៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

Stadium 974 ត្រូវបានដាក់ឈ្មោះតាមលេខកូដទូរសព្ទអន្តរជាតិរបស់កាតា និងចំនួនកុងតឺន័រដឹកជញ្ជូន ដែលបានប្រើប្រាស់ក្នុងការសាងសង់វា។ កីឡដ្ឋាននេះ គឺជាកីឡដ្ឋានមួយ ក្នុងចំណោមកីឡដ្ឋានទាំង៧ ដែលត្រូវបានសាងសង់ឡើងថ្មី ខណៈកីឡដ្ឋានទី៨ ត្រូវបានជួសជុលស្តារឡើងវិញ សម្រាប់កាតាធ្វើជាម្ចាស់ផ្ទះ World Cup លើកដំបូងនេះ។

ដែកទាំងអស់សម្រាប់ការសាងសង់កីឡដ្ឋាន Stadium 974 អាចត្រូវបានរៀបចំឡើងវិញ សម្រាប់ព្រឹត្តិការណ៍ World Cup ឬក៏ព្រឹត្តិការណ៍កីឡាខ្នាតធំផ្សេងទៀត នៅទីលានផ្សេងដែលមានទំហំស្រដៀងគ្នា ឬក៏ទីលានតូចៗជាច្រើន។

កាតា បានហៅកីឡដ្ឋានរបស់ខ្លួនថាជា "ភ្លើងសញ្ញានៃនិរន្តរភាព" ដែលជាផ្នែកមួយនៃការសន្យារបស់ខ្លួន ក្នុងការផ្តល់នូវការប្រកួត World Cup មានអព្យាក្រឹតកាបូនជាលើកដំបូង។

ដោយមានសមត្ថភាពផ្ទុកអ្នកទស្សនា ៤៤,០៨៩នាក់, Stadium 974 ជាកីឡដ្ឋានតែមួយគត់ ដែលសាងសង់ឡើង សម្រាប់ព្រឹត្តិការណ៍ World Cup ដោយគ្មានបំពាក់ម៉ាស៊ីនត្រជាក់។ ដូច្នេះអាចរៀបចំការប្រកួត បានតែពេលល្ងាចប៉ុណ្ណោះ ដែលការប្រកួតចុងក្រោយនោះ គឺជ័យជម្នះក្នុងវគ្គ ១៦ក្រុមចុងក្រោយ របស់ប្រេស៊ីល លើកូរ៉េខាងត្បូងកាលពីថ្ងៃទី០៥ ខែធ្នូ។

ការប្រើប្រាស់កុងតឺន័រដឹកជញ្ជូន និងដែកអាចកែឆ្នៃប្រើឡើងវិញ បានជួយកាត់បន្ថយកាកសំណល់ ដែលបានបង្កើតឡើង និងពេលវេលាសាងសង់ បើធៀបនឹងកីឡដ្ឋានសាងសង់ថ្មីផ្សេងទៀត។

កាតា និងក្រុមហ៊ុនរចនាម៉ូដ Fenwick Iribarren Architects បានលើកឡើងថា ពួកគេមានបំណងជៀសវាងការសាងសង់ «ដំរីស» ពោលគឺទីលានដែលមិនប្រើប្រាស់ ឬក៏កម្រប្រើប្រាស់ បន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup។ ជាក់ស្តែងគឺមានករណីបានកើតឡើងហើយ បន្ទាប់ពីព្រឹត្តិការណ៍ World Cup ចំនួន ៣លើកកន្លងទៅនៅប្រទេសរុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង៕