(ប៉ារីស)៖ ប្រធានក្លិបបាល់ទាត់ Paris St Germain លោក Nasser Al-Khelaifi បានលើកឡើងថា Lionel Messi គឺមានភាពរីករាយ ក្នុងការរួមរស់ជាមួយក្លិប ម្ចាស់ពានរង្វាន់ជើងឯក លីគកំពូលបារាំង Ligue 1 ហើយពួកគេនឹងបើកការពិភាក្សាគ្នា អំពីការអាចបន្តកិច្ចសន្យា ក្រោយពីចប់ព្រឹត្តិការណ៍ World Cup។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

Messi ដែលបានស៊ុតបញ្ចូលទី ១២គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន ១៤គ្រាប់សម្រាប់ក្លិប PSG ក្នុងការប្រកួតទាំងអស់នារដូវកាលនេះនោះ កិច្ចសន្យាបច្ចុប្បន្នរយៈពេល ២ឆ្នាំរបស់លោកនឹងផុតកំណត់នៅរដូវក្តៅខាងមុខ។

នៅពេលដែលសួរថា តើកីឡាករវ័យ ៣៥ឆ្នាំនេះចាប់អារម្មណ៍ក្នុងការបន្តកិច្ចសន្យាលេងនៅ Paris ឬយ៉ាងណានោះ លោក Al-Khelaifi បានប្រាប់សារព័ត៌មាន Sky Sports ថា «ប្រាកដណាស់»

«គាត់បានលេងយ៉ាងអស្ចារ្យក្នុងរដូវកាលនេះសម្រាប់ពួកយើង។ គាត់បានស៊ុតបញ្ចូលទីច្រើនគ្រាប់ និងបញ្ជូនបាល់ សម្រាប់ទាំងក្រុមជម្រើសជាតិ និងក្លិប»។ នេះបើតាមប្រធានក្លិបបានបន្ថែម។ «ដូចអ្វីដែលយើងបានព្រមព្រៀងគ្នា ថាបន្ទាប់ពី World Cup នឹងអង្គុយរួមគ្នា ជាមួយនឹងភាពរីករាយ ដូច្នេះយើងនឹងពិភាក្សាគ្នា បន្ទាប់ពី World Cup»