(បរទេស)៖ ថ្មីៗនេះទទួលដំណឹងថា Google គ្រោងប្រកាសចេញមុខងារថ្មីចំនួនពីរនៅលើ Google Chrome ដែលនឹងចេញមកជាមួយនឹងសមត្ថភាពសន្សំសំចៃថ្មខ្ពស់ រួមជាមួយការកាត់បន្ថយការប្រើប្រាស់ RAM អស់ច្រើនថែមទៀតផង។ ដោយឡែកចំពោះមុខងារអាប់ដេតថ្មីនេះ នឹងមានសម្រាប់អ្នកប្រើប្រាស់នៅលើ Windows, macOS និង ChromeOS ដែលនឹងមកជាមួយកំណែ Chrome 108។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

ជាមួយនឹងមុខងារដែល Google គ្រោងបញ្ចេញជាមួយនឹងកំណែថ្មីរបស់ខ្លួននោះរួមមាន មុខងារសន្សំសំចៃថ្ម (Energy Saver mode) និងមុខងារកាត់បន្ថយការប្រើប្រាស់ RAM អស់ច្រើន (Memory Saver mode) ជាពិសេសនោះសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រដែលមាន RAM តិច។

មុខងារ Energy Saver mode ជាមុខងារដែល Google បានធ្វើតេស្តទៅលើកម្រិតសន្សំសំចៃថ្ម ដោយក្នុងនោះ ប្រសិនបើអ្នកប្រើប្រាស់កំពុងតែស្ថិតនៅលើ Google Chrome ហើយកម្រិតថ្មធ្លាក់ចុះដល់ ២០ភាគរយនោះវានឹងបើកមុខងារសនំ្សថ្ម «Energy Saver mode» ដោយស្វ័យប្រវត្តិតែម្តង។ ដោយឡែកចំពោះមុខងារ Memory Saver mode នេះវិញជាមុខងារដែលជួយកាត់បន្ថយការប្រើប្រាស់ RAM នៅលើកុំព្យូទ័រអស់ច្រើន ជាពិសេសសម្រាប់អ្នកប្រើប្រាស់ដែលបើកប្រើផ្ទាំងវេបសាយ Tab ច្រើនក្នុងពេលតែមួយ មុខងារនេះនឹងធ្វើការផ្អាកដំណើរការលើផ្ទាំងវេបសាយ Tab ដែលអ្នកប្រើប្រាស់បានទុកចោលយូរជាងគេ ដើម្បីកាត់បន្ថយការប្រើប្រាស់ RAM ដូច្នេះទាល់តែអ្នកប្រើប្រាស់ចុចទៅលើផ្ទាំងវេបសាយទាំងនោះ ទើបវា Reload ជាធម្មតាមកវិញ។ លើសពីនេះទៅ Google បានគូសបញ្ជាក់ថា ជាមួយការដាក់ចេញមុខងារនេះ Chrome នឹងកាត់បន្ថយការប្រើប្រាស់ RAM អស់តិចជាងមុនរហូតដល់ ៣០ភាគរយឯណោះ។

បើយោងតាមការចេញផ្សាយរបស់ Google មុខងារទាំងពីនេះនឹងមកដល់អ្នកប្រើប្រាស់ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដូច្នេះនេះទំនងជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់នៅ Google Chrome ជាសម្រាប់អ្នកដែលបើកផ្ទាំងវេបសាយ ១០ទៅ ២០ Tab ក្នុងពេលតែមួយ៕