(ព្រះសីហនុ)៖ ថ្ងៃទី២ នៃពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ ត្រូវនឹងថ្ងៃទី១០ ខែធ្នូនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន បានរៀបចំកម្មវិធីប្រណាំងកង់ ៣វិញ្ញាសា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ហើយសហព័ន្ធបានចាត់ទុកការប្រកួតលក្ខណៈកម្សាន្ដនេះ គឺជាផ្នែកមួយឆ្ពោះទៅគោលដៅសំខាន់ ២ផ្សេងទៀតផងដែរ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពកីឡា រួមមានកម្មវិធីរត់កម្សាន្ដ និងការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ កាលពីម្សិលមិញ ក៏ដូចជាកម្មវិធីប្រណាំងកង់ព្រឹកនេះ ដែល NOCC បានរៀបចំក្រោយមានអនុញ្ញាតពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏ដូចជារដ្ឋបាលខេត្ត ដែលបានរួមចំណែកផ្ដល់នូវភាពសប្បាយរីករាយ និងស្នាមញញឹម សម្រាប់អ្នកចូលរួម ក្នុងឱកាសបុណ្យសមុទ្រ ចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ពិធីប្រណាំងកង់បុណ្យសមុទ្រ ឬ Sea Festival's Bike Race ព្រឹកនេះ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមប្រមាណ ១០០នាក់ ដែលប្រកួតលើ ៣វិញ្ញាសា គឺជិះចម្ងាយ ៤០គីឡូម៉ែត្រ, ២០គីឡូម៉ែត្រ និង ១៥គីឡូម៉ែត្រ ។ សហព័ន្ធបានចាត់ទុកព្រឹត្តិការណ៍នេះ ក៏ជាចំណែកផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការត្រៀមរៀបចំឡើងវិញ នូវព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay Cycling Tour) នាចុងឆ្នាំ២០២៣ ផងដែរ។

អគ្គលេខាធិការសហព័ន្ធខាងលើ បានគូសបញ្ជាក់ថា «ការរៀបចំប្រណាំងកង់ អបអរពិធីបុណ្យសមុទ្រនេះ គឺជាផ្នែកមួយ នៃការផ្សព្វផ្សាយដំណើររឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏ជាការត្រៀមរៀបចំក្នុងកម្មវិធីផ្សេងៗទៀត នៅខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ក្នុងនោះយើងក៏នឹងមានព្រឹត្តិការណ៍ Cambodia Bay Cycling Tour ដែលយើងគ្រោងរៀបចំជាលើកទី២ នាចុងឆ្នាំ២០២៣ បន្ទាប់ពីជំងឺកូវីដ-១៩ ធូរស្រាលផងដែរ ក្រោយពួកយើងធ្លាប់រៀបចំលើកដំបូង កាលពីដើមឆ្នាំ២០២២»។

គួរដឹងថា ថ្ងៃទី២ នៃពិធីបុណ្យសមុទ្រ លើកទី៩ បន្ទាប់ពីពិធីប្រណាំងកង់ព្រឹកនេះ ក៏មានការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ បន្ដទៀត នៅល្ងាចថ្ងៃទី១០ ខែធ្នូនេះ ដោយមានគូខ្លាំងៗជាច្រើន ត្រូវជួបគ្នាលើសង្វៀននៅតំបន់ចុងឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល ដែលបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ អាចចូលរួមទស្សនាបានដោយសេរី៕