(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Oppo បានប្រកាសកាលបរិច្ឆទជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ Inno Day 2022 ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាប្រចាំឆ្នាំ២០២២ របស់ខ្លួន។ អមជាមួយការប្រកាសជាផ្លូវការនេះ Oppo បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នោះនឹងមានការដាក់បង្ហាញស្មាតហ្វូនដែលអាចបត់បានចំនួន ២ម៉ូដែលរួមមាន Oppo Find N2 និង Oppo Find N Flip ជំនាន់ថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Money Control នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Oppo នឹងបើកព្រឹត្តិការណ៍ Inno Day 2022 របស់ខ្លួននៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ ដែលត្រូវបានរៀបចំឡើងតាមរយៈអនឡាញ។ ដោយឡែកព្រឹត្តិការណ៍ឆ្នាំនេះ Oppo ក៏នឹងដាក់បង្ហាញស្មាតហ្វូនដែលអាចបត់បានចំនួន ២ម៉ូដែលដូចគ្នាផងដែរ បើធៀបទៅនឹងត្រកូលស្មាតហ្វូនរបស់ Samsung ម៉ូដែល Galaxy Z Flip និង Galaxy Z Fold។ តែយ៉ាងណាទាំងម៉ូដែល Find N 2 និង Find N Flip ក្រុមហ៊ុន Oppo នៅមិនទាន់បញ្ជាក់ពីមុខងារ និងសមត្ថភាពលម្អិតនោះ ដូច្នេះត្រូវរង់ចាំរហូតដល់ថ្ងៃប្រកាសចេញជាផ្លូវការនៅសប្តាហ៍ក្រោយនេះតែម្តង។

គួរបញ្ជាក់ដែរថា ម៉ូដែល Find N 2 គឺជាម៉ូដែលថ្មីបន្ទាប់ដែលបានមកបន្តត្រកូល Find N ជំនាន់មុន រីឯ Find N Flip វិញជាម៉ូដែលស្មាតហ្វូនជំនាន់ថ្មីនិងលើកដំបូង នៅក្នុងត្រកូលស្មាតហ្វូនអេក្រង់បត់ទៅថ្ងៃអនាគតរបស់ Oppo៕