(ភ្នំពេញ)៖ ធនាគារ មេយប៊ែង បានបង្ហាញពីសក្ដានុពល និងឱកាសបានបង្កើនបណ្តាញយុទ្ធសាស្ត្ររបស់ខ្លួន តាមរយៈការបើកសម្ពោជាផ្លូវការ ធនាគារ មេយប៊ែងថ្មី ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ ជាមួយការផ្តល់ជូនសេវាម្មហិរញ្ញវត្ថុ ដ៏ពេញលេញរួមជាមួយនឹងបរិក្ខា សម្រាប់ធ្វើប្រតិបត្តិការធនាគារដ៏ធំទូលាយ និងកាន់តែមានភាពងាយស្រួល។
សាខាថ្មីនេះស្ថិតក្នុងតំបន់កំពុងលូតលាស់នៅក្រុងភ្នំពេញ ពោរពេញដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងសកម្មភាពពាណិជ្ជកម្មយ៉ាងច្រើនសម្បូរបែប នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានគោលបំណង ក្នុងការបម្រើសហគមន៍នៅក្នុងតំបន់។
ការបង្កើតវត្តមានរបស់ធនាគារ មេយប៊ែង នៅក្នុងទីតាំងយុទ្ធសាស្ត្រសែនសុខថ្មីនេះ នឹងបង្កើនឱកាស ឲ្យធនាគារ អាចផ្តល់ជូននូវគុណភាពសេវាកម្មកាន់តែទូលំទូលាយ ដែលរួមមានសេវាកម្មធនាគារសាជីវកម្ម និងពាណិជ្ជកម្ម សេវាកម្មតាមបែបបុគ្គល និងការគ្រប់គ្រងទ្រព្យសម្បត្តិ។
ពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់សាខាថ្មីរបស់ធនាគារ មេយប៊ែង ធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមការចូលរួមពីលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងអគ្គនាយកបច្ចេកទេសនៃធនាគារជាតិ, លោកស្រី Nur Herzazzila Ghazali ទីប្រឹក្សាស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា, លោកប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធ ធនាគារ មេយប៊ែង លោក Dato’ Khairussaleh Ramli លោក Michael Foong នាយកប្រតិបត្តិអន្តរជាតិ នៃធនាគារ មេយប៊ែង លោក Anthony Brent Elam ប្រធានក្រុមប្រឹក្សាភិបាល និងមានសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ មេយប៊ែង ព្រមទាំងដៃគូសហការ និងអតិថិជនរបស់ធនាគារផងដែរ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង បានលើកឡើងថា «សាខាធនាគារ មេយប៊ែង សែនសុខថ្មីនេះ ជាការបញ្ជាក់បន្ថែមទៅលើការប្តេជ្ញាចិត្ត របស់ធនាគារ មេយប៊ែង និងជាជំហានថ្មីដ៏សំខាន់មួយទៀត នៅក្នុងផែនការ ដើម្បីបង្កើនការផ្តល់ជូនសេវាធនាគារ ជូនដល់អតិថិជន»។
លោកបានបន្ដថា ការផ្លាស់ប្តូរទីតាំងសាខាថ្មីនេះ ជាផ្នែកមួយនៃការពង្រីកយុទ្ធសាស្រ្ត ដោយមានការវាយតម្លៃយ៉ាងម៉ត់ចត់លើឱកាសទីផ្សារ និងភាពសមស្របទៅតាមគោលដៅ សម្រាប់ការបង្ហាញវត្តមាននៅទីតាំងយុទ្ធសាស្រ្តនានា ដើម្បីបំពេញតម្រូវការថ្មីៗរបស់
អតិថិជន។
ធនាគារ មេយប៊ែង បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការតភ្ជាប់សហគមន៍ទៅនឹងឱកាស និងចីរភាព «គ្រប់យ៉ាង សម្រាប់លោកអ្នក» តាមរយៈការផ្តួចផ្តើមនានារបស់ធនាគារ មេយប៊ែង។
ការបង្ហាញនោះរួមមាន ការបកស្រាយអំពីការប្រើប្រាស់អំណោយអនុស្សាវរីយ៍ ដែលផលិតពីសូត្រ និងកម្បាស ដែលជាស្នាដៃរបស់ស្ត្រីតម្បាញ ក្រោមកម្មវិធី សូត្រនិងតម្បាញ របស់ធនាគារ មេយប៊ែង ពិធីប្រគល់រង្វាន់អាហារូបករណ៍របស់ធនាគារ មេយប៊ែង ព្រមទាំងពីធីប្រគល់បន្ទះសូឡា ជូនដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO)ផងដែរ។
ក្នុងឆ្នាំ២០២២នេះ ធនាគារ មេយប៊ែង បានចាប់ផ្តើមកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង
ផ្តល់ឱកាសទៅដល់យុវវ័យ មានជីវភាពខ្វះខាត ដើម្បីជួយសម្រួលក្នុងការបន្តការសិក្សា ឲ្យកាន់តែល្អប្រសើរ។ និស្សិតអាហារូបរណ៍២រូប ទទួលអាហារូបករណ៍ក្នុងចំណោមបេក្ខជនជាង១០០នាក់ តាមរយៈការធ្វើតេស្ត និងជម្រុះតាមប្រព័ន្ធអនឡាញ ការឆ្លងកាត់ការសាកល្បងជាក្រុម និងតាមរយៈការសម្ភាសន៍ផ្ទាល់។
កម្មវិធីអាហារូបករណ៍មួយនេះ បានផ្តល់ជូនយ៉ាងពេញលេញ ដែលរួមមានការចំណាយ សម្រាប់បង់ថ្លៃសកលវិទ្យាល័យ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ការធានារ៉ាប់រងគ្រោះថ្នាក់ កុំព្យូទ័រ ប្រាក់សម្រាប់ការត្រួតពិនិត្យសុខភាព
ឱកាសការងារ និងការផ្តល់ជូនជាច្រើនផ្សេងទៀត។
លោក រ័ត្ន សោភ័ណ បានប្រគល់ជូន ផ្ទាំងសូឡា ជាការចូលរួមរបស់អតិថិជន តាមរយៈយុទ្ធនាការ Lighting the Community ទៅកាន់លោកស្រី នួន ភិមាន ស្ថាបនិកអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) និងជាម្ចាស់ពានរង្វាន់ CNN Hero នៅក្នុងឆ្នាំ២០១៨ ជាអ្នកលះបង់គ្រប់យ៉ាង ដើម្បីជួយដល់សិស្សក្រីក្ររាប់ពាន់នាក់ ឱ្យទទួលបានការអប់រំដ៏ប្រសើរ។
Lighting the Community ជាការផ្តួចផ្តើមយុទ្ធសាស្ត្រទីផ្សារមួយ ដែលបង្កើតឱកាសសម្រាប់អតិថិជន ដើម្បីក្លាយជាផ្នែកមួយនៃអនាគត និងចូលរួមចំណែកដល់សហគមន៍ជាចីរភាព។
តាមរយៈប្រតិបត្តិការធនាគារប្រចាំថ្ងៃ ធនាគារ មេយប៊ែង បានធ្វើការបរិច្ឆាគក្នុងនាមរបស់អតិថិជន ដើម្បីទិញផ្ទាំងសូឡា ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីដល់អគារ និងសាលារៀនថ្មីនៅ PIO ដែលនឹងក្លាយទៅជា
ការរួមចំណែកក្នុងការកាត់បន្ថយថ្លៃប្រតិបត្តិការ និងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីជាគុណប្រយោជន៍រយៈពេលវែង។
លោករ័ត្ន សោភ័ណ បានបន្ដថា ធនាគារ មេយប៊ែង ប្រចាំកម្ពុជាប្តេជ្ញាចិត្ត និងបង្ហាញអំពីការដាក់បញ្ចូល ការគិតគូអំពីចីរភាព ទៅក្នុងការប្រតិបត្តិការអាជីវកម្ម និងកម្មវិធីសហគមន៍នានារបស់ខ្លួនរួមមាន ការផ្តល់ភាពអង់អាចដល់សហគមន៍ ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រដល់អតិថិជនបុគ្គល និងពាណិជ្ជកម្ម ដើម្បីអាចឲ្យពួកគាត់អាចទទួលបានសេវាហិរញ្ញវត្ថុ ដែលជាសក្ខីភាពមួយ ចំពោះបេសកកម្ម សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាពរបស់ ធនាគារ មេយប៊ែង៕