(ភ្នំពេញ)៖ សាលាអន្តរជាតិ CIA FIRST (ច្បារអំពៅ) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំ «ទិវាគ្រួសារប្រចាំឆ្នាំ២០២២» នៅទីតាំងសាលា ដែលមានអាសយដ្ឋាននៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយទទួលបានកិច្ចសហការ និងការចូលរួមពីសិស្សានុសិស្ស មាតាបិតា លោកគ្រូ អ្នកគ្រូ និងដៃគូសហការយ៉ាងច្រើនកុះករ។
កម្មវិធីទិវាគ្រួសារនៅឆ្នាំនេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «អនុវត្តទម្លាប់នៃការគិត៖ ការស្តាប់ដោយព្យាយាមស្វែងយល់ និងបង្ហាញសមានចិត្ត» ក្នុងគោលបំណងផ្ដល់ឱកាសឲ្យប្អូនៗ សិស្សានុសិស្ស បានចំណាយពេលវេលាជាមួយសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយការអប់រំ។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ សាលាបានរៀបចំ ឲ្យមានសកម្មភាពជាច្រើន ដូចជា៖ ការសម្តែងសិល្បៈរបស់សិស្សានុសិស្ស ការដាក់លក់ម្ហូបអាហារ និងភេសជ្ជៈ ពីក្រុមប្រឹក្សាសិស្ស និងសកម្មភាពកម្សាន្ត ជាច្រើនផ្សេងទៀត។
ថវិកាមួយផ្នែក ដែលប្រមូលបានពីការ លក់ម្ហូបអាហារ និងភេសជ្ជៈ ក្រុមប្រឹក្សាសិស្សនៃសាលាអន្តរជាតិ CIA FIRST (ច្បារអំពៅ) នឹងផ្តល់ជូនអង្គការ Let Us Create Futures (LUCF) សម្រាប់កិច្ចការមនុស្សធម៌ ។
ក្រៅអំពីសកម្មភាពកម្សាន្ដជួបជុំគ្រួសារ និងសកម្មភាពមនុស្សធម៌ សាលាអន្តរជាតិ CIA FIRST ក៏បានទទួលកិច្ចសហការ ពីដៃគូសហការមួយចំនួនដូចជា Myteb Malaysia, ធនាគារ ហ្វីលីព (Phillip Bank) និងធនាគារ ប្រៃសណីយ៍កម្ពុជា (CP Bank) ដើម្បីរៀបចំតាំងបង្ហាញសេវាកម្ម និងផលិតផលដែលមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្ស អាចត្រូវការក្នុងគ្រួសារ។
ដោយមានការចូលរួម ពីសំណាក់មាតាបិតា និងសិស្សានុសិស្សប្រមាណជាង១,៥០០នាក់ កម្មវិធីទិវាគ្រួសារ គឺជាព្រឹត្តិការណ៍ជួបជុំធំបំផុតប្រចាំឆ្នាំ ក្នុងសហគមន៍សាលាអន្តរជាតិ CIA FIRST (ច្បារអំពៅ) ហើយសាលាសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងប្អូនៗ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ៕