(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នារសៀលថ្ងៃសុក្រ ១ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ខេមបូ ត្រាស់ ម.ក។
ពិធីចុះ MOU នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ការចុះ MOU នេះ មានគោលបំណងលើកកម្ពស់ ការអនុវត្តបរិស្ថានសាកល្បង បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីជំនាញនៃ ន.ម.ក. និងសិក្សាអំពីលទ្ធភាពអភិវឌ្ឍតំបន់សាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ធុរកិច្ចក្នុងវិស័យមូលបត្រ៕