(អាល់រេយ៉ាន់)៖ អាហ្សង់ទីន នឹងជឿជាក់លើប្រព័ន្ធលេងរបស់ពួកគេ នៅពេលប៉ះក្រូអាត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ហើយជឿជាក់ថា ពួកគេបានរកឃើញ របៀបដែលធ្វើឲ្យក្រុមជើងឯករង 2018 World Cup មានការឈឺចាប់។ នេះបើតាមសម្តីគ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
ក្រូអាត មិនមែនជាក្រុមដែលមានការពេញចិត្តក្នុងការឡើងដល់វគ្គ ៤ក្រុមចុងក្រោយម្តងទៀតនោះទេ ប៉ុន្តែពួកគេបានឡើងដល់វគ្គនេះ តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ចំនួន ២លើក ដែលពួកគេធ្លាប់បានធ្វើម្តងរួចមកហើយកាលពីរដូវកាលឆ្នាំ២០១៨។
«ពួកគេ បានទម្លាក់ក្រុមអស់ជាច្រើន។ ខ្ញុំមិនបញ្ជាក់ឈ្មោះកីឡាករសំខាន់ ឬក៏ភាពខ្លាំង និងភាពខ្សោយរបស់ពួកគេនោះទេ ប៉ុន្តែយើងបានវិភាគកន្លែង ដែលយើងអាចធ្វើឲ្យពួកគេឈឺចាប់បាន។ ពេលខ្លះវាដំណើរការ ពេលខ្លះវាមិនដំណើរការ»។ នេះបើតាមសំដីលោក Scaloni បានប្រាប់អ្នកសារព័ត៌មាន មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងមកដល់។
«យើងនឹងព្យាយាមផ្តល់ឲ្យវាទាំងអស់ នៅលើទីលាន។ ពេលខ្លះសំណាង អាចកើតនៅខាងអ្នក។ ប្រសិនបើយើងលេងបានល្អ។ យើងនឹងមានផ្លូវស្រួលជាង ដើម្បីដើរសម្រេចដល់គោលដៅរបស់យើង ប៉ុន្តែវាគឺជាបាល់ទាត់ វាគឺជាកីឡា ដូច្នេះពេលខ្លះ ក្រុមដែលល្អបំផុត អាចនឹងមិនមានជ័យជម្នះក៏ថាបាន»។
សូមជម្រាបថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អាហ្សង់ទីន ត្រូវប៉ះក្រូអាត នៅថ្ងៃទី១៤ ខែធ្នូ ខណៈបារាំង ត្រូវប៉ះម៉ារ៉ុក ១ថ្ងៃបន្ទាប់៕