(ឡុងដ៍)៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានលើកឡើងថា លោកមាន "ជម្លោះ" អំពីអនាគតរបស់លោក ដោយបានរកឃើញផ្នែកធំៗនៃភាពលំបាកក្នុងរយៈពេល ១៨ខែចុងក្រោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្រុមរបស់លោក Southgate បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីបានចាញ់ ២-១ ក្រោមថ្វីជើងក្រុមបារាំង ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

បន្ទាប់ពីទទួលបានលទ្ធផលនេះ លោកបានលើកឡើងថា លោកអាចនឹង «ត្រួតពិនិត្យឡើងវិញ និងគិតពិចារណា» មុនពេលសម្រេចចិត្ត ថាតើត្រូវបន្តតួនាទីទៀត ឬយ៉ាងណា។

បុរសវ័យ ៥២ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការអង់គ្លេស កាលពីខែតុលា ឆ្នាំ២០១៦ ដោយបានដឹកនាំអង់គ្លេស ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 និងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ European Championship ជាលើកដំបូងក្នុងឆ្នាំ២០២១។

លោក Southgate បានដឹកនាំលេងឈ្នះ ៤៩ប្រកួត ក្នុងចំណោម ៨១ប្រកួត ដែលលោកបានដឹកនាំអង់គ្លេស។ អត្រាឈ្នះរបស់លោកគឺ ៦០.៤៩ភាគរយ ធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមអ្នកចាត់ការអង់គ្លេស។

កិច្ចសន្យាបច្ចុប្បន្នរបស់លោក មានសុពលភាពរហូតដល់ឆ្នាំ២០២៤៕