(បរទេស)៖ បន្ទាប់ពីចេញផ្សាយប្រព័ន្ធប្រតិបត្តិការ iOS 16 ជាផ្លូវការជិត ១០០ថ្ងៃ ត្រូវបានអ្នកប្រើប្រាស់តម្លើងនៅលើ iPhone ជិត ៧០ភាគរយនៃ iPhone សរុប។ នេះបើយោងតាមការចេញផ្សាយរបស់សារគេហទំព័រព័ត៌មាន MacRumors នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ប្រព័ន្ធប្រតិបត្តិការ iOS 16 របស់ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សអាមេរិក Apple ត្រូវបានចេញផ្សាយជាសារធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ បើគិតមកទល់ពេលនេះវាមានរយៈពេលជិត ១០០ថ្ងៃនៃការដាក់ឱ្យតម្លើងដើម្បីមកជួសជុលកំហុសមួយចំនួន ដែលបានកើតឡើងនៅលើកំណែ iOS 15ចាស់។

បើយោងតាមក្រុមហ៊ុនសេវាកម្មវិភាគអាជីវកម្ម Mixpanel បានឱ្យដឹងថា ត្រឹមតែរយៈពេលជាង ៣ខែប្រព័ន្ធប្រតិបត្តិការ iOS 16 ត្រូវបានតម្លើងនៅលើ iPhone ខ្ទង់ ៦៨.៩០ភាគរយ ចំណែកឯ iOS 15 បច្ចុប្បន្នមានអ្នកទាញយកខ្ទង់ ២៤.៨២ភាគរយ ខណៈដែរ iPhone ដែលដំណើរការប្រព័ន្ធប្រតិបត្តិការចាស់នៅសល់ប្រហែល ៧ភាគរយប៉ុណ្ណោះ។

យ៉ាងណាមិញបើតាមពាក្យចចាមអារ៉ាមកន្លងមក Apple ត្រូវបានគេរំពឹងថា គ្រោងបញ្ចេញ iOS 16.2 ជាផ្លូវការនៅអំឡុងខែធ្នូនេះ ដោយក្នុងនោះទំនងជានាំមកជាមួយនូវមុខងារថ្មីៗជាច្រើនរួមមាន មុខងារ Advanced Data Protection ជាប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំង, មុខងារ Always-On Display ជាមួយផ្ទៃពណ៌ខ្មៅសុទ្ធ ក៏ដូចជាមុខងារច្រៀងខារ៉ាអូខេថ្មីនៅលើ Apple Music ថែមទៀតផង៕