(រ៉ាបាត)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ារ៉ុក បានលើកឡើងថា ខ្លួនបានលុបចោលជើងហោះហើរទាំងអស់ ដែលគ្រោងធ្វើដំណើរនៅថ្ងៃពុធ ទី១៤ ខែធ្នូ ដើម្បីដឹកជញ្ជូនអ្នកគាំទ្រ ទៅកាន់ទីក្រុងដូហា សម្រាប់ទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup, ដោយបានអះអាងនូវអ្វី ដែលខ្លួនបានលើកឡើងថា ជាការសម្រេចចិត្តធ្វើឡើងដោយអាជ្ញាធរកាតា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ។

"បន្ទាប់ពីការរឹតបន្តឹងចុងក្រោយ ដែលដាក់ដោយអាជ្ញាធរកាតា, ក្រុមហ៊ុន Royal Air Maroc មានការសោកស្តាយ ក្នុងការជូនដំណឹងទៅកាន់អតិថិជន អំពីការលុបចោលជើងហោះហើររបស់ពួកគេ ដែលប្រតិបត្តិការដោយក្រុមហ៊ុន Qatar Airways", នេះបើតាមក្រុមហ៊ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ របស់រដ្ឋាភិបាលកាតា ភ្លាមៗនេះមិនអាចសុំការបកស្រាយបានទេ ពាក់ព័ន្ធនឹងបញ្ហានេះ។

ការលុបចោលជើងហោះហើរ ដែលគ្រោងធ្វើឡើងចំនួន៧ជើង នៅថ្ងៃពុធនេះ បណ្តាលឲ្យអ្នកគាំទ្រ ដែលបានកក់រួចទៅហើយ នូវសំបុត្រទស្សនា ឬក៏បន្ទប់សណ្ឋាគារ មិនអាចធ្វើដំណើរ ទៅទស្សនាការប៉ះគ្នារវាងម៉ារ៉ុក និងបារាំង នៅថ្ងៃទី១៥ ខែធ្នូបាននោះទេ។

Royal Air Maroc នឹងសង់ថ្លៃសំបុត្រយន្តហោះ និងសុំទោសទៅកាន់អតិថិជន៕