(ដូហា)៖ ២ប្រកួតចុងក្រោយសម្រាប់ FIFA World Cup 2022 នៅប្រទេសកាតានោះ សុទ្ធសឹងតែធ្វើឡើងនៅម៉ោង ១០យប់ដូចគ្នា (ម៉ោងនៅកម្ពុជា)។

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងបារាំង នឹងធ្វើឡើងនារាត្រីម៉ោង ១០យប់ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ហើយជំនួបស៊ីសាច់ហុតឈាមនេះដែរ អាចនឹងអូសបន្លាយដល់ម៉ោង ១យប់រំលងអាធ្រាត្រ ប្រសិនបើឈានដល់វគ្គទាត់ប៉េណាល់ទីកាត់សេចក្តី។

ក្នុងប្រកួតផ្តាច់ព្រ័ត្រនេះដែរ កីឡាករខ្សែប្រយទ្ធ Kylian Mbappe របស់បារាំង និង Lionel Messi របស់អាហ្សង់ទីន ក៏ប្រជែងគ្នាយកស្បែកជើងមាស Golden Boot ដ្បិតរកបាន ៥គ្រាប់ស្មើគ្នាច្រើនជាងគេ ក្រោយឆ្លងកាត់ ៦ប្រកួតដូចគ្នា។

រីឯជំនួបរវាងក្រូអាត និងម៉ារ៉ុក ប្រជែងយកលេខ៣ វិញ និងជាការប្រកួតទី៦៣ នៅ World Cup លើកទី២២ នេះ ក៏នឹងធ្វើឡើងនាម៉ោង ១០យប់ដែរ តែថ្ងៃសៅរ៍ ទី១៧ នៃខែដដែល។

នេះជាលើកដំបូងដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ប្រកួតជុំចុងក្រោយស្ថិតក្នុងម៉ោងថ្ងៃធម្មតា បើធៀបនឹងម៉ោងប្រទេសកម្ពុជា (កម្ពុជា-កាតា ខុសគ្នា ៤ម៉ោង) ក្នុងចំណោម ៦ World Cup ចុងក្រោយនេះគិតចាប់តាំងពីកូរ៉េខាងត្បូង និងជប៉ុន បានធ្វើម្ចាស់ផ្ទះរួមគ្នាកាលឆ្នាំ២០០២ មក៕