(បរទេស)៖ សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Twitter លោក Jack Dorsey បាននិយាយថាលោក នឹងផ្តល់ជំនួយចំនួន ១លានដុល្លារក្នុងមួយឆ្នាំដល់កម្មវិធីផ្ញើសារ Signal។ ដែលនេះជាជំនួយលើកដំបូងក្នុងគម្រោងបង្កើតកម្មវិធីគាំទ្រដល់ «ការអភិវឌ្ឍន៍អ៊ីនធឺណិតដោយបើកចំហរ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបានឱ្យដឹងថា លោក Jack Dorsey បានបង្ហោះសារនៅលើ Revue ដែលជាសេវាកម្មព្រឹត្តិបត្រព័ត៌មានមួយរបស់ Twitter ដោយបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនគួរត្រូវបាន «គ្រប់គ្រងដោយក្រុមហ៊ុនតែមួយ ឬក្រុមណាមួយនៃក្រុមហ៊ុន» នោះទេហើយចាំបាច់ត្រូវតែអាច «ទប់ទល់នឹងឥទ្ធិពលសាជីវកម្ម និងរដ្ឋាភិបាល» បាន។

គួរបញ្ជាក់ដែរថា លោក Jack Dorsey ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) បណ្ដាញផ្សព្វផ្សាយសង្គម Twitter បានលាលែងពីតំណែង CEO ជាផ្លូវការនៅថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដោយតាមប្រភពច្បាស់ការបានបញ្ជាក់ថាលោកចង់ប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនដើម្បីផ្ដោត សំខាន់ លើ ក្រុមហ៊ុនផ្ទាល់ខ្លួនរបសលោកគឺ Square រួមនឹងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូ (bitcoin)៕