(ដូហា)៖ បញ្ហាស្ទះសរសៃឈាមអាអក បានបណ្តាលឲ្យលោក Grant Wahl អ្នកសរសេរព័ត៌មានអាមេរិកស្លាប់ ក្រោយដួលកាលពីសប្តាហ៍មុន ក្នុងពេលបំពេញការងារក្នុងការប្រកួតមួយ នៃព្រឹត្តិការណ៍ World Cup នៅកាតា។ នេះបើតាមសម្តីភរិយារបស់លោកបានបញ្ជាក់ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA។

សរសៃឈាមអាអក គឺជាសរសៃឈាមធំ មានតួនាទីក្នុងការដឹកនាំឈាមចេញពីបេះដូង តាមរយៈដើមទ្រូង និងដងខ្លួន។ នេះបើយោងតាមគេហទំព័រមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺ។

លោក Wahl វ័យ ៤៨ឆ្នាំ ជាអតីតអ្នកសរសេរព័ត៌មានរបស់ស្ថាប័ន Sports Illustrated ដែលបានផ្លាស់ទៅធ្វើការ នៅព័ត៌មានអនឡាញ Substack នោះ បានសរសេរអត្ថបទ ពាក់ព័ន្ធនឹងការប្រកួតរវាងហូឡង់ និងអាហ្សង់ទីនកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលគាត់បានដួល។

ភ្នាក់ងាររបស់លោកបានប្រាប់សារព័ត៌មាន Reuters កាលពីពេលមុនថា លោក Wahl ហាក់មានការឈឺចាប់ធ្ងន់ធ្ងរនៅអំឡុងពេលការប្រកួតវគ្គ ៨ក្រុមចុងក្រោយ។ ការជួយសង្គ្រោះបឋមត្រូវបានធ្វើឡើង នៅកន្លែងសម្រាប់អ្នកសារព័ត៌មាន មុនពេលលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាទីកន្លែងដែលោកត្រូវបានគេអះអាងថា បានស្លាប់។

លោក Wahl កាលពីសប្តាហ៍មុន លោកបានទៅមន្ទីរពេទ្យមួយ ក្នុងពេលបំពេញការងារនៅកាតា ហើយថាគ្រូពេទ្យបានប្រាប់លោកថា លោកទំនងជាមានជំងឺរលាកទងសួត។

សាកសពរបស់ Wahl ត្រូវបានដឹកតាមយន្តហោះ ត្រឡប់ទៅកាន់អាមេរិកវិញកាលពីថ្ងៃចន្ទ ខណៈការិយាល័យពិនិត្យសុខភាពទីក្រុងញូវយ៉ក បានធ្វើកោសល្យវិច័យ៕