(រ៉ូម)៖ អតីតខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី លោក Gianluca Vialli បានលាលែងចេញពីតំណែងជាមួយនឹងសហព័ន្ធបាល់ទាត់អ៊ីតាលី ដោយសារហេតុផលសុខភាព។ នេះបើតាមសម្តីបុរសវ័យ ៥៨ឆ្នាំ ដែលមានជំងឺមហារីកលំពែងបានលើកឡើង​ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

«នៅចុងបញ្ចប់ នៃការចរចាដ៏វែងឆ្ងាយ និងលំបាក ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ ខាងជំងឺមហារីករបស់ខ្ញុំ។ ខ្ញុំបានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការប្តេជ្ញាចិត្តវិជ្ជាជីវៈបច្ចុប្បន្ន និងអនាគតរបស់ខ្ញុំ»។ នេះបើតាមសម្តីលោក Vialli ប្រធានប្រតិភូក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី។

លោក Vialli ដែលធ្លាប់លេងឲ្យក្លិប Sampdoria, Juventus និង Chelsea ព្រមទាំងធ្លាប់លេង ៥៩លើក ឲ្យក្រុមជម្រើសជាតិអ៊ីតាលីនោះ ត្រូវបានធ្វើរោគវិនិច្ឆ័យ រកឃើញជំងឺមហារីកលំពែងដំបូង ក្នុងឆ្នាំ២០១៧ ប៉ុន្តែបានប្រាប់ថា បានជាពីជំងឺនោះ ១ឆ្នាំក្រោយមក។ កាលពីឆ្នាំមុន លោកបានប្រកាសថា ជំងឺនោះបានលាប់ឡើងវិញ៕