(បរទេស)៖ បន្ទាប់ពីកិច្ចព្រមព្រៀងទិញយកបណ្តាញផ្សព្វផ្សាយ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារពីកំពូលមហាសេដ្ឋីលោក Elon Musk ត្រូវបានបញ្ចប់ដោយជោគជ័យនោះ ភាគហ៊ុនក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក កំពុងធ្លាក់ចុះជាខ្លំាង។ ពោលគឺចាប់តាំងពីថ្ងៃទី២៧ ខែតុលា មកទល់ពេលនេះ Tesla បានបាត់ភាគហ៊ុនរហូតដល់ ២៨ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ត្រឹមតែរយៈពេលមួយថ្ងៃ កាលពីថ្ងៃអង្គារភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះប្រមាណ ៤ភាគរយ ដែលឈានដល់តម្លៃ ១៦០.៩៥ដុល្លារក្នុងមួយហ៊ុនដែលជាតម្លៃទាបបំផុតមួយ។ ជាមួយនឹងលទ្ធផលធ្លាក់ចុះនៃតម្លៃភាគហ៊ុន Tesla យ៉ាងគំហុក បានជំរុញឱ្យម្ចាស់ភាគហ៊ុនលក់រាយដ៏ធំបំផុតរបស់ Tesla លោក Leo Koguan ដែលជាមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុនសេវាកម្មផ្នែកព័ត៌មានវិទ្យា SHI International បានចេញមុខអំពាវនាវឱ្យក្រុមប្រឹក្សាភិបាលរបស់ Tesla «ចាត់វិធានការតឹងរឹង ក៏ដូចជារិះរកមធ្យោបាយផ្សេងៗដើម្បីស្តាតម្លៃភាគហ៊ុន Tesla ឡើងវិញ»

គួរបញ្ជាក់ដែរថា ចាប់តាំងពីកិច្ចព្រមព្រៀងទិញយក Twitter បានបញ្ចប់មក Musk បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ជាបន្តបន្ទាប់ ដោយកាលពីដើមខែវិច្ឆិកាកន្លងទៅ Musk ទើបតែលក់ភាគហ៊ុនបន្ថែមដែលទទួលបានជាសាច់ប្រាក់ប្រមាណ ៣,៤ពាន់លានដុល្លា។ ហើយបើគិតពេញមួយឆ្នាំនេះ លោក Musk លក់ហ៊ុន Tesla សរុបជាសាច់ប្រាក់បានចំនួន ២០ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះភាគច្រើនគឺយកទៅប្រើប្រាស់នៅក្នុងកិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិក រវាងលោក និង Twitter ៕