(ភ្នំពេញ)៖ ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួនថា ជាក្រុមហ៊ុនដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍វិស័យឌីជីថលរបស់កម្ពុជា តាមរយៈការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពមួយនៅក្នុងប្រភេទ «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ដែលជាកម្មវិធី ICT ថ្នាក់ជាតិធំបំផុត។
នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ នេះមានអ្នកដាក់ពាក្យចូលរួមប្រកួតប្រជែងចំនួន ១៧២ស្ថាប័ន ដែលមកពីក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្រុមហ៊ុនឯកជន និងសាកលវិទ្យាល័យ ដែលកម្មវិធីនេះត្រូវបានរៀបចំដោយ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា (MPTC)។ ការប្រកួតប្រជែងដណ្តើមពានរង្វាន់នេះមាន ៥ប្រភេទ និងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៤ គឺ៖ (១) ការច្នៃប្រឌិតបច្ចេកវិទ្យា (២) ការដោះស្រាយបញ្ហា (៣) ប្រសិទ្ធភាពនៃប្រតិបត្តិការ និង (៤) យុទ្ធសាស្រ្តទីផ្សារ។ ការច្នៃប្រឌិតគឺជាលទ្ធផលនៃចក្ខុវិស័យថ្មីដែលបន្ថែមគំនិតថ្មីៗ។
សម្រាប់វគ្គកាត់សេចក្តីចុងក្រោយដែលធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅអគារ Royal Train Square មានតែស្ថាប័នចំនួន២០ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ហើយជម្រុះមកនៅត្រឹម១០ស្ថាប័ន ក្នុងការទទួលពានរង្វាន់។ ក្នុងវគ្គជម្រុះចុងក្រោយនេះក្រុមហ៊ុន Ezecom បានឈ្នះពាន «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» សម្រាប់ភាពច្នៃប្រឌិតខ្ពស់ក្នុងការពានាំនូវបច្ចេកវិទ្យាថ្មីៗ គម្រោងអាជីវកម្ម និងការបង្កើតកម្មវិធី (អ៊ែប) របស់ក្រុមហ៊ុនដែលផ្តល់ជូនវិធីប្រើប្រាស់ងាយៗមួយសម្រាប់អតិថិជន ដើម្បីគ្រប់គ្រងផលិតផល និងសេវាកម្មទាំងអស់ដែលទាក់ទងនឹងក្រុមហ៊ុន Ezecom ភ្លាមៗ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ពិធីប្រគល់ពានរង្វាន់នេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមាបការចូលរួមពីមន្ត្រីរបស់ក្រសួងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គ្រឹះស្ថានសិក្សា ធុរជន អ្នកបច្ចេកវិទ្យា និងភ្ញៀវកិត្តិយសមកពីវិស័យសាធារណៈនិងឯកជន បានចូលរួមអបអរសាទរដល់ក្រុមហ៊ុន Ezecom និងស្ថាប័នផ្សេងទៀតដែលបានឈ្នះពានរង្វាន់ក្នុងកម្មវិធីនេះផងដែរ។
លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom បានឱ្យដឹងថា យើងមានកិត្តិយសយ៉ាងខ្លាំងដែលការយកចិត្តទុកដាក់របស់យើងចំពោះអនាគតឌីជីថលកម្ពុជា ត្រូវបានទទួលស្គាល់តាមរយៈការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ក្រុមហ៊ុន Ezecom មានការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈការផ្តល់ជូនសូហ្វវែរ និងហាដវែរថ្មីបំផុតទៅកាន់ទីផ្សារក្នុងស្រុក។ យើងមានទំនុកចិត្តថាតាមរយៈវិធីសាស្រ្តនេះ យើងកំពុងផ្តួចផ្តើមគំនិតដើម្បីធ្វើឱ្យប្រាកដថា ប្រទេសកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងឡើង។
កម្មវិធី EZECOM App គឺជាកម្មវិធីដែលរចនាឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយអតិថិជនអាចបញ្ជាក្រោមចង្អុលដៃរបស់ខ្លួន។ កម្មវិធីនេះអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ផលិតផល និងសេវាកម្ម Ezecom ទាំងអស់យ៉ាងពេញលេញ។ លក្ខណៈពិសេសរបស់ Ezecom App រួមមានភាពងាយស្រួល ក្នុងស្វែងរកទីតាំងសេវាគ្របដណ្តប់របស់អ៊ិនធឺណិត Ezecom, ការធ្វើបច្ចុប្បន្នភាពគណនី និងវិក័យប័ត្រ ការពារទិន្នន័យនិងព័ត៌មានវិក្ក័យបត្ររបស់អតិថិជនទាំងអស់ ដោយរក្សាទុកនៅក្រោមលេខសម្គាល់របស់ (CID) របស់អតិថិនីមួយៗ និងភ្ជាប់ជាមួយលេខទូរស័ព្ទចល័តរបស់ពួកគេ ។ ក្នុងរយៈពេលពីរខែកន្លងមកនេះ ក្រុមហ៊ុន Ezecom ក៏បានឈ្នះពានរង្វាន់សំខាន់មួយផ្សេងទៀតផងដែរគឺពានរង្វាន់ ASAN Business Award (ABA) ដ៏មានកិត្យានុភាពក្នុងប្រភេទ «ការអភិវឌ្ឍន៍ជំនាញក្នុងបច្ចេកវិទ្យា និងទូរគមនាគមន៍» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន EZECOM បានប្រារព្ធខួបគម្រប់ ១៥ឆ្នាំ ដែលបានត្រួសត្រាយផ្លូវសម្រាប់នវានុវត្ត ប្រតិបត្តិការ និងភាពល្អឥតខ្ចោះសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍ (ICT) ដែលក្នុងរយៈពេលនោះ ក្រុមហ៊ុនបានចាប់ផ្តើមក្នុងនាមជាអ្នកផ្តល់សេវា VOIP បន្ទាប់មកបានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត ហើយក៏បានក្លាយទៅក្រុមហ៊ុនផ្តល់សេវាភ្លែតហ្វមឌីជីថល ដែលនាំមុខគេក្នុងតួនាទីជាកាតាលីករឌីជីថលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
ជាផ្នែកមួយនៃក្រុមហ៊ុន Royal Group ក្រុមហ៊ុន EZECOM បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគសរុបជាង ១០០លានដុល្លារលើខ្សែហ្វាយប័រអុបទិកCAPEX ដ៏ទូលំទូលាយ។ ខ្សែហ្វាយប៊ើអុបទិកនេះលាតសន្ធឹងជាង ៣០.០០០គីឡូម៉ែត្រ នៃខ្សែហ្វាយប៊ើអុបទិកសរុបគិតចាប់ពីបណ្តាញចម្បងរហូតដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុន EZECOM នៅតែរក្សាបានឈ្មោះជាក្រុមហ៊ុនខ្មែរ ១០០ភាគរយដែលកាន់កាប់ខ្សែកាបក្រោមបាតសមុទ្រហៅថាប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់កាប់ការវិនិយោគរយៈពេលវែងលើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយខ្សែកាបចំនួន១៣ នៅក្នុងប្រទេសចំនួន១០។
ក្រុមហ៊ុន EZECOM បន្តបង្កើតសកម្មភាពសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និងក្រុមហ៊ុន MiHCM ដើម្បីនាំយកសេវារបស់ក្រុមហ៊ុនទាំងនេះមកកាន់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មអតិថិជនរបស់យើង។ សកម្មភាពទាំងនេះបានជួយបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងរីកចម្រើនវិវឌ្ឍទៅមុខ និងមានភាពទាក់ទាញក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងការវិនិយោគពីថ្នាក់តំបន់ និងពិភពលោក។
អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០៨៥ ៨៨៨ ១៨១ គេហទំព័រ www.ezecom.com.kh៕