(កូរ៉េ)៖ ខណៈ Jin ទើបតែបានចូលបំពេញកាតព្វកិច្ចយោធា របស់ខ្លួនរួចរាល់នោះ គឺមានសមាជិករបស់ក្រុម BTS ផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងចូលជាបន្តបន្ទាប់។ RM ប្រធានក្រុម BTS រំពឹងថា នឹងជាសមាជិកបន្ទាប់ ដែលនឹងត្រូវចូលប្រើយោធា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All K-POP នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

នៅថ្ងៃទី១៣ ខែធ្នូ វេលាម៉ោងប្រហែល២រសៀល សមាជិកច្បង Jin បានចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពកូរ៉េខាងត្បូងដែលមានទីតាំងនៅ Yeoncheon ខេត្ត Gyeonggi ដើម្បីចាប់ផ្តើមការបណ្តុះបណ្តាលជាមូលដ្ឋាន រយៈពេល៥សប្តាហ៍របស់លោក។ សមាជិកក្រុម BTS ទាំងអស់បានទៅជាមួយ Jin ដើម្បីមើលលោក ព្រោះជាមនុស្សដំបូងគេក្នុងក្រុម ដែលបានចុះឈ្មោះចូលបម្រើយោធា។ ពេលនេះ Jin បានចុះឈ្មោះហើយ សមាជិកផ្សេងទៀត ត្រូវបានគេរំពឹងថានឹងធ្វើតាម ហើយចុះចូលម្តងមួយៗ។ ថ្មីៗនេះមានការរំពឹងទុកថា RM អាចជាអ្នកបន្ទាប់ ក្នុងការចូលបម្រើកាតព្វកិច្ចយោធា។

ក្នុងកម្មវិធីមួយ RM បាននិយាយអំពីផែនការអនាគតដែលលោកមាន ហើយបានពន្យល់ថា «នៅឆ្នាំ ២០២៥ ខ្ញុំនឹងបញ្ចប់កាតព្វកិច្ចយោធារបស់ខ្ញុំ ហើយនឹងចាប់ផ្តើមបណ្តុះសក់ម្តងទៀត»។ តាមរយៈសេចក្តីថ្លែងការណ៍នេះ មនុស្សជាច្រើនរំពឹងថា RM នឹងក្លាយជាអ្នកបន្ទាប់ក្នុងការចុះឈ្មោះ ដោយគណនាថា លោកនឹងត្រូវចុះឈ្មោះក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីឆាប់បានបញ្ចប់កាតព្វកិច្ចយោធា នៅឆ្នាំ២០២៥៕