(បរទេស)៖ ត្រឹមតែរយៈពេលជាងមួយខែដែល Apple បានដាក់ចេញមុខងារ Emergency SOS តាមរយៈផ្កាយរណបថ្មីសម្រាប់ iPhone 14 ពេលនេះកំពុងបង្ហាញវត្តមានជាបន្តបន្ទាប់ក្នុងការជួយសង្រ្គោះជីវិតមនុស្ស។ ពោលគឺមុខងារ Emergency SOS បានជួយសង្រ្គោះជីវិតមនុស្ស ២នាក់ដែលបើករថយន្តធ្លាក់ចូលជ្រលងភ្នំកម្ពស់ប្រមាណ ៣០០ហ្វីត ដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន MacRumors នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវហាយវេ តំបន់ព្រៃជាតិអេនជឺលេស រដ្ឋកាលីហ្វ័រញ៉ា ដោយក្នុងហេតុការណ៍នោះមានមនុស្ស ២នាក់ដែលបានបើករថយន្តធ្លាក់ចូលជ្រលងភ្នំដាច់ស្រយាលដែលមានកម្ពស់ប្រមាណ ៣០០ហ្វីត។ បើយោងតាមការបញ្ជាក់ពីប្រភពបានឱ្យដឹងថា ជនរងគ្រោះបានផ្ញើសារ Emergency SOS តាមរយៈផ្កាយរណបទៅកាន់មជ្ឈមណ្ឌលបញ្ជូនតមួយរបស់ Apple ហើយបុគ្គលិកមជ្ឈមណ្ឌលបញ្ជូនបន្តបានទូរស័ព្ទទៅកាន់នាយកដ្ឋាន «Los Angeles County Sheriff's Department» ដើម្បីសុំជំនួយបន្ទាន់។

យោងតាមវីដេអូមួយដែលបានបង្ហោះដោយក្រុមអ្នកជួយសង្គ្រោះ Montrose Search & Rescue Team បានបង្ហាញពីសកម្មភាព លើករថយន្តចេញពីជ្រលងភ្នំជាមួយនឹងឧទ្ធម្ភាសចក្រ។ ដោយក្នុងនោះក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា នឹងបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងស្រុក និងកំពុងស្ថិតក្នុងការព្យាបាលពីរបួសស្រាលនិងមធ្យម។

នេះមិនមែនជាលើកទី១ ទេដែរមុខងារ Emergency SOS បានជួយសង្គ្រោះជីវិតមនុស្ស ដោយកាលពីប៉ុន្មានសប្តាហ៍មុន បានជួយសង្គ្រោះបុរសម្នាក់ដែលជាប់គាំងនៅតំបន់ដាច់ស្រយាលនៃរដ្ឋ Alaska ហើយមុខងារ Crash Detection ត្រូវបានប្រើប្រាស់ដោយជោគជ័យជាច្រើនដង រួមទាំងម្តងសម្រាប់ Redditor ដែលបានជួយសង្គ្រោះជីវិតប្រពន្ធរបស់គាត់ត្រឹមតែរយៈពេលប៉ុន្មាននាទីបន្ទាប់ពីនាងជួបគ្រោះថ្នាក់។

គួរបញ្ជាក់ដែរថា ពេលនេះ Emergency SOS តាមរយៈផ្កាយរណបមាននៅអាមេរិកខាងជើង បារាំង អាឡឺម៉ង់ អៀឡង់ និងចក្រភពអង់គ្លេស។ ខណៈមុខងារនេះ Apple បានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃរហូតដល់រយៈពេល ២ឆ្នាំឯណោះ៕