(ភ្នំពេញ)៖ អាជ្ញាកណ្ដាលកីឡាចំបាប់កម្ពុជា ៥រូប បានបញ្ចប់ការសិក្សាផ្នែកទ្រឹស្ដីដោយជោគជ័យ ក្នុងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលអន្ដរជាតិ ដែលរៀបចំដោយគណៈកម្មាធិការជាតិ CAMSOC និង NOCC សហការជាមួយសហព័ន្ធកីឡាចំបាប់អន្ដរជាតិ ហើយរង់ចាំអ៊ុតលទ្ធផលនៃការអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បីមានឱកាសក្លាយជាអាជ្ញាកណ្ដាលអន្ដរជាតិ ។

អាជ្ញាកណ្ដាលកម្ពុជាខាងលើ រួមមានលោក នុត សេរីរដ្ឋ, យឹង សុផាន់ណារ៉ា, នង គ្រឹះស្នា, ជា រតនៈ និងលោក ផុន សុភាច ដែលបានចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលអន្ដរជាតិ ជាមួយសិក្ខាកាមមកពី ៧ប្រទេសផ្សេងទៀត គឺមានអាជ្ញាកណ្ដាលមកពីហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ ស្រីលង្ការ អ៊ីរ៉ាក់ ឥណ្ឌា និងកូរ៉េខាងត្បូង ។ ការសិក្សាទ្រឹស្ដីនេះ មានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១២-១៥ ខែធ្នូ មុនការអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ចាប់ពីថ្ងៃទី១៦-១៨ ខែធ្នូខាងមុខ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក នុត សេរីរដ្ឋ ដែលជាអាជ្ញាកណ្ដាលអន្ដរជាតិរបស់កម្ពុជាមួយរូប បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលអន្ដរជាតិនេះ ពិសេសសម្រាប់កម្ពុជា ដែលត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។ លោកថា «ពិតណាស់ការចូលរួមនេះ ពិតជាល្អ បើសិនយើងមានអាជ្ញាកណ្ដាលទទួលស្គាល់ដោយអន្ដរជាតិគ្រប់គ្រាន់ សម្រាប់ចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺពិតជាល្អណាស់ សម្រាប់ពួកយើង ក្នុងនាមម្ចាស់ផ្ទះ»

លោកថា «ទាក់ទងនឹងការរៀននេះ ទោះពីមុនយើងធ្លាប់រៀន ឬមានសញ្ញាបត្រអន្ដរជាតិក៏ដោយ ក៏ត្រូវរៀនបន្ដទៀត នៅពេលមានវគ្គបណ្ដុះបណ្ដាលអន្ដរជាតិ រៀបចំដោយសហព័ន្ធកីឡាចំបាប់អន្ដរជាតិ មិនថានៅប្រទេសយើង ឬប្រទេសផ្សេងទេ គឺយើងត្រូវចូលរួមទៀត ដើម្បីឲ្យយល់ដឹងពីច្បាប់ ឬបទបញ្ជាការប្រកួតថ្មីៗ ពិសេសដើម្បីដំឡើងកម្រិតសញ្ញាបត្ររបស់យើង ។ បើសិនយើងអត់ចូលរួម សញ្ញាបត្ររបស់យើងនៅកម្រិតដដែល»

«សម្រាប់វគ្គនេះ អាជ្ញាកណ្ដាលរបស់យើង បានរៀន និងតេស្ដ បានប្រឡងជាប់ការសិក្សាផ្នែកទ្រឹស្ដី និងទទួលបានសញ្ញាបត្ររួចហើយ នៅឡើយការអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦-១៨ ខែធ្នូខាងមុខ ហើយបើអាជ្ញាកណ្ដាលរបស់យើងធ្វើបានល្អទៀត សហព័ន្ធកីឡាចំបាប់អន្ដរជាតិ នឹងផ្ដល់លិខិតបញ្ជាក់ទទួលស្គាល់ជាសមាជិកអាជ្ញាកណ្ដាលអន្ដរជាតិផ្លូវការតែម្ដង ដើម្បីមានឱកាសចូលរួមការប្រកួតអន្ដរជាតិផ្សេងៗតែម្ដង» ។ លោក នុត សេរីរដ្ឋ បញ្ជាក់បន្ថែម ។

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅកម្ពុជា នាចុងសប្ដាហ៍នេះ គឺមានប្រតិភូ អាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមជិត ២០០នាក់ ។ តែមុនឈានដល់ការប្រកួត សហព័ន្ធកីឡាចំបាប់អន្ដរជាតិ សហការជាមួយអាជ្ញាធរកីឡាកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាលអន្ដរជាតិជាច្រើនវគ្គ សម្រាប់ត្រៀមចូលរួមកាត់សេចក្ដីក្នុងការប្រកួតថ្នាក់តំបន់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលនេះ ៕