(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្រពីវិស័យឯកជន គឺជាកម្លាំងចលករមួយដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡា មិនថាតែក្រុមជម្រើសជាតិវ៉ូវីណាមនោះទេ ពោលគឺជារួមចំណែកជំរុញកីឡាករ-កីឡាការិនីឲ្យកាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់ ពិសេសកំឡុងពេលខិតជិតមកដល់ នៃការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា បានទទួលការឧបត្ថម្ភទឹកដោះគោពីកសិដ្ឋានគិរីសួគ៌ ក្នុង ១ខែ ៤ដង ដើម្បីរួមចំណែកបំប៉នដល់ការហ្វឹកហាត់ ក៏ដូចជាការលូតលាស់របស់កីឡាករ-កីឡាការិនីជម្រើសជាតិឲ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេមលើកដំបូងនៅកម្ពុជា ដែលសល់ពេលតែជាង ១៤០ថ្ងៃទៀតប៉ុណ្ណោះ ។

ប្រធានសហព័ន្ធដដែល បានលើកឡើងថា «ការចូលរួមនេះ គឺជាការរួមចំណែកមួយ ដើម្បីជួយក្នុងការលើកទឹកចិត្តដល់អត្តពលិករបស់យើង...។ នេះគឺជាកម្លាំងចលនាមួយ សម្រាប់វិស័យឯកជន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជាតិ ពិសេសកីឡាករ-កីឡាការិនីជម្រើសជាតិ មិនផ្ដោតតែកីឡាវ៉ូវីណាមនោះទេ គឺគ្រប់ប្រភេទកីឡាទាំងអស់ ប្រសិនបើវិស័យឯកជនចូលរួមឧបត្ថម្ភគាំទ្រ ទោះបីតិចក្ដីច្រើនក្ដី គឺជាការលើកទឹកចិត្តដ៏សំខាន់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ របស់យើង» ។

គួរដឹងថា កីឡាវ៉ូវីណាម គឺជាកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា ក្នុងប្រជែងមេដាយអន្ដរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ សហព័ន្ធបានកំណត់ទិសដៅដណ្ដើមមេដាយមាសជូនជាតិយ៉ាងតិច ៩គ្រឿងក្នុងនាមម្ចាស់ផ្ទះ ។ ក្រឡេកទៅមើលស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ កីឡាវ៉ូវីណាម គឺជាប្រភេទកីឡាដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង មានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៨គ្រឿង ៕