(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២២។

ពិព័រណ៍នេះ មានការតាំងបង្ហាញផលិតផលយ៉ាងច្រើន ពិសេសគ្រឿងអលង្ការ និងត្បូងពេជ្រ ដែលមានម៉ូដស្អាតៗ មកពីប្រទេស ជប៉ុន ថៃ ឥណ្ឌា ទួគី ប៉ាគីស្ថាន និងទីក្រុងហុងកុង រួមទាំងគ្រឿងអលង្ការរបស់ខ្មែរ យើងជាច្រើនទៀត។

ឱកាសតាំងពិព័រណ៍នេះ ក្រុមហ៊ុននឹងមានការបញ្ចុះតម្លៃពិសេស ចាប់ពី៣០% រហូតដល់៥០% សម្រាប់ការមកទិញដល់ស្តង់ពិព័រណ៍ ក្នុងអំឡុងពេលនេះ។

ពិព័រណ៍នេះមានស្តង់សរុប ចំនួន២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេស ដែលមានក្រុមហ៊ុន សហគ្រាសសរុប ចំនួន១៨១ក្រុមហ៊ុន។

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាស ធុរកិច្ច, និងសក្ដានុពលវិនិយោគ ព្រមទាំងគោលនយោបាយគាំពារ របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន៕