(ភ្នំពេញ)៖ ដើម្បីពង្រឹងគុណភាពបង្ហាញម៉ូដ ឲ្យកាន់តែមានភាពល្អប្រសើរ ស្របទៅតាមស្ដង់ដារអន្តរជាតិ និងដើម្បីឲ្យវិស័យម៉ូដែលរបស់កម្ពុជា មានភាពល្បីសុះសាយកាន់តែខ្លាំងបន្ថែមទៀត ក្រុមអ្នកគ្រប់គ្រង និងអ្នកឧបត្ថម្ភកម្មវិធី «Miss Universe Cambodia» សម្រាប់ឆ្នាំ២០២២នេះ បានសម្រេចចិត្តជួលគ្រូបង្ហាញម៉ូដល្បីឈ្មោះ ចំនួន៤រូបមកពីប្រទេសឥណ្ឌា ដើម្បីជួយបង្ហាត់បង្រៀនកញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាស់ជយលាភី «Miss Universe Cambodia 2022» របស់កម្ពុជា ក្នុងន័យជួយពង្រឹងសមត្ថភាពបង្ហាញម៉ូដ ឲ្យកាន់តែល្អប្រសើរខ្លាំងឡើង ត្រៀមខ្លួនចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ពោលគឺ នៅលើទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ថ្លែងប្រាប់ Fresh News Plus នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពិធីទទួលស្វាគមន៍គ្រូបង្វឹកជំនាញបង្ហាញម៉ូដ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលជាអ្នកគាំទ្រយ៉ាងសកម្ម និងតែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ឧបត្ថម្ភដល់កម្មវិធី «Miss Universe Cambodia» បានប្រាប់ឲ្យដឹងថា ការអញ្ជើញគ្រូបង្វឹកមកបង្ហាត់បង្រៀនជំនាញបង្ហាញម៉ូដ ដល់កញ្ញា ម៉ានីតា នៅពេលនេះ គឺស្ថិតក្នុងមនោសញ្ចេតនាខ្លះ និងការផ្ដល់ជូននូវថវិកាខ្លះ ហើយពួកគាត់គឺសុទ្ធតែជាគ្រូបង្ហាញម៉ូដ មានឈ្មោះល្បីល្បាញ នៅក្នុងប្រទេសឥណ្ឌា ដែលអាចបង្រៀនឲ្យបេក្ខភាព កញ្ញាឯកប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកកាលពីឆ្នាំ២០២១។

លោក ចិន សំណាង បានចោទជាសំណួរថា គ្រូបង្វឹកទាំងនេះបានបង្ហាត់បង្រៀនកញ្ញាឯកនៃប្រទេសរបស់ខ្លួន (Miss Universe India) រហូតទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោក កាលពីឆ្នាំ២០២១ ចុះបើឆ្នាំនេះយើងយកពួកគាត់មកបង្ហាត់កញ្ញាឯករបស់យើង យើងនឹងអាចទទួលបាននូវលទ្ធផលល្អ និងការវិវឌ្ឍកាន់តែឈានខ្ពស់មួយកម្រិតទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ជាមិនខាន។ លោកសង្ឃឹមថា ពួកគាត់នឹងយកបទពិសោធទាំងអស់នេះ មកបង្ហាញជូនដល់បេក្ខភាពរបស់យើង ដើម្បីឲ្យវិស័យមួយនេះ នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនឡើង លេចធ្លោលើឆាកអន្តរជាតិ។

លោកបានសង្កត់ធ្ងន់ថា គោលបំណងសំខាន់ នៃការអញ្ជើញគ្រូបរទេសមកបង្ហាត់បង្រៀនវិស័យបង្ហាញម៉ូដ ឬម៉ូដែលនៅពេលនេះ គឺចង់ឲ្យបេក្ខភាព Miss Universe របស់ប្រទេសកម្ពុជា មានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ ចង់ឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈវិស័យមួយនេះ ហើយនឹងអាចឈានដល់ការទទួលបានពានរង្វាន់ នៅថ្ងៃខាងមុខនេះទៀតផង។ ក្នុងឆ្នាំនេះលោកសង្ឃឹម និងជឿជាក់ក្នុងចិត្តថា បេក្ខភាពដ៏ស័ក្តិសមរបស់កម្ពុជា គឺកញ្ញា ហង្ស ម៉ានីតា ដែលមានចំណេះដឹងខ្ពស់ ភាពក្លាហាន សមត្ថភាពពេញលេញ ជាពិសេសការនិយាយភាសាអង់គ្លេស និងភាសាបារាំងបានយ៉ាងល្អផងនោះ នឹងខិតខំប្រឹងប្រែងបញ្ចេញនូវចំណេះជំនាញ និងភាពក្លាហានរបស់ខ្លួនឲ្យអស់ពីលទ្ធភាព ពេលចូលរួមនៅលើឆាកអន្តរជាតិ ដើម្បីនាំយកជយលាភីមកជូនជាតិឲ្យទាល់តែបាន។

ដោយឡែក គ្រូបង្វឹកបង្ហាញម៉ូដទាំង៤រូប រួមមាន Alicia Raut (Trainer), Anjli Raut (Trainer), Sameer Khan (Choreographer) និង Shobhana Dhiman (Show director) បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលបានមកដល់ប្រទេសកម្ពុជា ហើយបានសន្យាថា នឹងជួយបង្ហាត់បង្រៀន «Miss Universe Cambodia 2022» របស់កម្ពុជា គឺកញ្ញា ហង្ស ម៉ានីតា ឲ្យកាន់តែមានភាពរឹងមាំ មានចំណេះជំនាញបង្ហាញម៉ូដលក្ខណៈស្ដង់ដាអន្តរជាតិ ដើម្បីត្រៀមខ្លួនទៅប្រកួតលក្ខណៈអន្តរជាតិនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបាននូវលទ្ធផលល្អដែលខ្លួនចង់បាន។ គ្រូបង្ហាញម៉ូដទាំង៤ បានបង្ហាញពីចំណាប់អារម្មណ៍ថា ពួកគេពិតជាចង់ជួយដល់ប្រទេសកម្ពុជា ជាពិសេសសម្រាប់វិស័យបង្ហាញម៉ូដនេះ។

សូមបញ្ជាក់ថា កញ្ញា ហង្ស ម៉ានីតា ត្រូវបានប្រកាស ជាម្ចាស់ជយលាភី Miss Universe Cambodia 2022 ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ បេក្ខភាពរូបនេះ ត្រូវបានគេមើលឃើញថា មានអំណោយផលទាំងព្រម ទាំងស្អាត មានចំណេះដឹងទូលំទូលាយ ព្រមទាំងអាចប្រើប្រាស់ ភាសាអង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញផងដែរ៕