(បរទេស)៖ ម្សិលមិញនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ទើបតែប្រកាសពីការធ្លាក់ចុះភាគហ៊ុនជាគំហុកខ្ទង់ ២៨ភាគរយចាប់តាំងពីកិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារត្រូវបានបញ្ចប់។ ស្រាប់តែរបាយការណ៍ថ្មីនេះបង្ហាញថា Elon Musk បានលក់ភាគហ៊ុននៅ Tesla បន្ថែមទៀតប្រមាណ ២២លានហ៊ុនឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅ Musk បានប្រាប់ Follower របស់លោកនៅលើ Twitter ថាលោកមិនមានគម្រោងលក់ភាគហ៊ុននៅ Tesla បន្ថែមទៀតនោះទេ។ តែយ៉ាងណាស្រាប់តែរបាយការណ៍ហិរញ្ញវត្ថុដែលចេញផ្សាយនៅយប់ថ្ងៃពុធនេះបង្ហាញថា Musk បានលក់ភាគភ្លាមៗបន្ថែមទៀត ដែលមានតម្លៃប្រហែល ៣.៦ពាន់លានដុល្លារ ដែលនេះត្រូវបានគេរំពឹងថា ទំនងជាយកទៅជួយទប់ចំណាយនៅ Twitter។

បើយោងតាមក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ Verity Data បានបូកសរុបភាគហ៊ុនដែល Musk បានលក់រហូតមកទល់ពេលនេះ ក្នុងឆ្នាំនេះ មានចំនួន ៩៤,២០២,៣២១ ហ៊ុន ក្នុងតម្លៃជាមធ្យម ២៤៣.៤៦ដុល្លារក្នុងមួយហ៊ុន សម្រាប់ប្រាក់ចំណេញដែលទទួលបានមិនទាន់គិតពន្ធមានប្រហែល ២២.៩៣ពាន់លានដុល្លារ។ តែទោះជាងយ៉ាងនេះក្តីភាគហ៊ុនរបស់ Tesla នៅតែបន្តធ្លាក់ចុះជាខ្លាំង ដោយគ្រាន់តែ Musk ដាក់លក់ហ៊ុនម្សិលមិញនេះ ភាគហ៊ុន Tesla បានធ្លាក់ចុះ ២.៦ភាគរយបន្ថែមទៀត មកនៅត្រឹម ១៥៦.៨០ដុល្លារក្នុងមួយហ៊ុន ដោយទម្លាក់មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុនមកនៅត្រឹម ៤៩៥ពាន់លានដុល្លារ ៤៩១.៣៣ ពាន់លានដុល្លារ៕