(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូនេះ នៅសាលដំបូលទូក នៃសាកលវិទ្យាលភូមិន្ទភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកចូលរួមជិត ២០០នាក់ ខណៈម្ចាស់ផ្ទះកម្ពុជា រំពឹងដណ្ដើមបានមេដាយលើសពី ១០គ្រឿង ដើម្បីជាដើមទុនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កំឡុងកិច្ចប្រជុំបច្ចេកទេសជាមួយប្រតិភូ និងការចាប់ឆ្នោត នៅសណ្ឋាគារភ្នំពេញ កាលពីល្ងាចមិញ លោកថា ក្នុងចំណោមអ្នកចូលរួមជិត ២០០នាក់ខាងលើ មានកីឡាករ-កីឡាការិនី ១១៥នាក់ មកពី ៧ប្រទេស ដែលចូលរួមប្រកួតកីឡាចំបាប់ជើងឯកអាស៊ាននេះ រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងឡាវ។ លើសពីនេះ គឺមានជំនាញការមកពីសហព័ន្ធកីឡាចំបាប់ពិភពលោក(UWW) រួមជាមួយមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម មកពីប្រមាណ ១០ប្រទេសផ្សេងទៀតផង។

អនុប្រធានសហព័ន្ធដដែលបន្ដថា បើប្រៀបធៀបនឹងចំនួនអត្តពលិកចូលរួមក្នុងស៊ីហ្គេម លើកទី៣១ កាលពីខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ មានចំនួនអត្តពលិកច្រើនជាង ដោយសារម្ចាស់ផ្ទះកម្ពុជាបានរៀបចំគ្រប់ប្រភេទទម្ងន់ រហូតដល់ ៣០ប្រភេទលើ ៣ផ្នែកផ្សេងគ្នា គឺមានប្រភេទក្រិចកូរ៉ូម៉ាំង ចំបាប់សេរីបុរស និងនារី ដែលផ្នែកនីមួយៗមាន ១០ប្រភេទទម្ងន់ ឬ ១០វិញ្ញាសាដូចៗគ្នា។

លោក ខេស៊ី បន្ថែមថា «កីឡាករ កីឡាការិនីច្រើនជាងគេ គឺម្ចាស់ផ្ទះកម្ពុជា សរុប ២៦នាក់ បន្ទាប់មកវៀតណាម ដែលមានធនធានឆ្នើមៗលើប្រភេទកីឡាចំបាប់ ធ្លាប់មេដាយមាសច្រើនជាងគេ កាលពីស៊ីហ្គេម លើកទី៣១។ កម្ពុជាបានឈ្នះមេដាយស៊ីហ្គេម នៅវៀតណាម សរុប ៦គ្រឿង មានមាស ១ ប្រាក់ ១ និងសំរឹទ្ធ៤។ ខ្ញុំរំពឹងថា អត្តពលិកកម្ពុជានឹងដណ្តើមបានមេដាយច្រើននេះ ក្នុងនាមជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍នេះ។ ខ្ញុំសង្ឃឹមយ៉ាងហោចណាស់ ក៏ក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាស ៣ រួមទាំងប្រាក់ និងសំរឹទ្ធសរុបលើស ១០គ្រឿងដែរ»

ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍រូបនេះ បានរំឮកថា កម្ពុជាធ្លាប់ដណ្ដើមបានមេដាយ ១០គ្រឿង កាលពីស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដែលជាចំនួនមេដាយច្រើនជាងគេ តែបើសិនក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយច្រើនជាង ១០គ្រឿង មានន័យថា ជាការឈ្នះមេដាយច្រើនជាងពេលណាទាំងអស់ ក្នុងប្រវត្តិសាស្ដ្រប្រកួតអន្ដរជាតិកម្រិតអាស៊ីអាគ្នេយ៍ ហើយក៏ជាសញ្ញាណដ៏ល្អ សម្រាប់ការត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

លោកថា «តាមរយៈការខិតខំបោះជំរំហ្វឹកហាត់ទាំងក្នុងស្រុក និងក្រៅស្រុក យើងនឹងឆ្ពោះទៅប្រជែងបានមេដាយច្រើន ក្នុងពេលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយនឹងក្តីសង្ឃឹមមេដាយសរុបចំនួន ១០គ្រឿង ឬអាចលើសពី ១០គ្រឿង ដើម្បីបង្ហាញមោទកភាពជាតិ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា»។ ជុំវិញការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេមនេះដែរ កម្ពុជាក៏មានធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមរបស់ខ្លួន បន្ទាប់ពីទទួលបានការគាំទ្រពី UWW ក្នុងការបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក  និងការគ្រប់គ្រងបច្ចេកវិទ្យា មុនការប្រកួតជើងឯកអាស៊ានប្រមាណជិត ១សប្ដាហ៍កន្លងមក៕