(ម៉ាទ្រីដ)៖ Real Madrid បានសម្រេចនូវការចុះកិច្ចព្រមព្រៀង ជាមួយកីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីល Endrick មកពីក្លិប Palmeiras។ នេះបើតាមការប្រកាសពីក្រុម ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

ខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំរូបនេះ នឹងចូលរួមលេងនៅក្លិប ដែលជាម្ចាស់ពានរង្វាន់ European និង La Liga ក្នុងខែកក្កដា ឆ្នាំ២០២៤ ដោយសារតែច្បាប់ហាមឃាត់ លើកីឡាករមិនទាន់គ្រប់អាយុ មកពីក្រៅប្រទេសរបស់ស្ថាប័ន FIFA។

Real ត្រូវបានគេរាយការណ៍ថា បានឈ្នះលើក្លិបលំដាប់កំពូលៗជាច្រើន ដូចជាក្លិប Paris St-Germain, Chelsea, Barcelona, Liverpool, Manchester City និងក្លិប Manchester United ដែលកំពុងចង់បានកីឡាកររូបនេះ។

ក្លិប Palmeiras និង Real មិនបានផ្តល់នូវព័ត៌មានលម្អិតណាមួយ ស្តីពីកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Globo បានរាយការណ៍ថា ការផ្ទេរនេះ នឹងមានតម្លៃ៧០លានអឺរ៉ូ (៧៤.៨៨លានដុល្លារ), ជាតម្លៃនៃការផ្ទេរដែលថ្លៃបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រ​ លីគបាល់ទាត់កំពូលប្រេស៊ីល ដោយត្រឹមតែឈរនៅពីក្រោយ តម្លៃ៨៨លានអឺរ៉ូ ដែលក្លិប Barcelona បានចំណាយសម្រាប់កីឡាករ Neymar កាលពីឆ្នាំ២០១៣ប៉ុណ្ណោះ។

​Real បានបញ្ជាក់ថា Endrick នឹងធ្វើដំណើរទៅកាន់ទីតាំងរបស់ក្លិប ក្នុងប្រទេសអេស្ប៉ាញនៅសប្តាហ៍ក្រោយ៕