(ឡុងដ៍)៖ ខ្សែការពារក្លិប Arsenal កីឡាករ Pablo Mari បានវិលត្រឡប់ទៅហ្វឹកហាត់វិញ ជាមួយនឹងការលេងខ្ចីជើងរបស់លោកនៅឯក្លិប Monza ២ខែបន្ទាប់ពីរងការកាប់ដោយកាំបិត នៅក្នុងផ្សារទំនើបមួយ ក្នុងប្រទេសអ៉ីតាលី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានរងការវះកាត់ ដើម្បីស្តារឡើងវិញ នូវការរបួសសាច់ដុំចំនួន២ នៅខ្នងរបស់លោក នៅឯមន្ទីរពេទ្យ Niguarda ទីក្រុង Milan។

បន្ទាប់ពីរងការកាប់ដោយកាំបិត Mari ដែលបានចូលរួមជាមួយ Arsenal ពីក្លិបប្រេស៊ីល ក្រោយពីផ្លាស់មកពីក្លិប Flamengo កាលពីខែមករា ឆ្នាំ២០២០នោះ បានលើកឡើងថា លោកមានអារម្មណ៍ថា មានសំណាង ដែលបានរួចផុតពីការគំរាមកំហែងដល់ជីវិត។

ខ្សែការពាររូបនេះបានបង្ហោះលើ Twitter ថា «វិលត្រឡប់មកវិញជាមួយក្រុម។ ពីមួយជំហានទៅមួយជំហាន»

បុគ្គលិកផ្សារទំនើបម្នាក់ឈ្មោះ Luis Fernando Ruggieri វ័យ៤៧ឆ្នាំបានស្លាប់ នៅក្នុងហេតុការណ៍មួយ ក្នុងទីក្រុង Milan កាលពីខែតុលា។ បុគ្គលិកម្នាក់ផ្សេងទៀត បានរងរបួសជាមួយនឹងអតិថិជន៤នាក់ ក្នុងនោះរួមទាំងកីឡាករ Mari ផងដែរ។

Mari ដែលធ្លាប់លេង១៩លើក សម្រាប់ក្លិប Arsenal បានលេងខ្ចីជើងឲ្យក្លិប Monza របស់អ៊ីតាលី កាលពីខែសីហា៕