(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា សមាជិកសភាអាមេរិកបានចេញនូវសេចក្ដីព្រៀងច្បាប់ពិសេសមួយដែលគ្រោងនឹងបិទ កម្មវីធីវីដេអូខ្លីៗ TikTok លែងឱ្យដំណើរការនៅលើទឹកដីអាមេរិក ប្រសិនសេចក្ដីព្រៀងច្បាប់ពិសេសមួយនោះត្រូវបានអនុម័ត។ នេះគឺជាការភ័យខ្លាចដ៏ធំមួយរបស់កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance ជុំវិញបញ្ហានយោបាយកាន់តែតានតឹងរវាងប្រទេសទាំងពីរ ហើយប្រសិនបើជាត្រូវបិទ TikTok ពិតមែននោះ នោះ TikTok ទំនងជាប្រឈមនឹងការខាតបង់ខ្លាំង ខណៈដែលអាមេរិកគឺជាទីផ្សារដ៏ធំបំផុតមួយនៅលើពិភពលោកដែលមានអ្នកប្រើប្រាស់សរុបប្រមាណ ៣៣៥លាននាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ជុំវិញករណីនេះប្រភពពី CNBC បានឱ្យដឹងថា ទាំងនេះក៏ដោយសារតែសហរដ្ឋអាមេរិកព្រួយបារម្មដែលថារដ្ឋាភិបាលចិនអាចនឹងទទួលបានទិន្នន័យអ្នកប្រើប្រាស់នៅក្នុងទឹកដីរបស់ខ្លួន ក្រោមច្បាប់ប្រទេសចិនដែលអាចបង្ខំឱ្យ TikTok ប្រគល់ទិន្នន័យទាំងនោះឱ្យទៅរដ្ឋាភិបាលចិន។ យ៉ាងណាទាក់ទិននឹងបញ្ហានេះក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok ធ្លាប់បានចេញមុខបកស្រាយរួចទៅហើយ ដោយបានទទួចថាទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកនឹងត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅខាងក្រៅប្រទេសចិន ជាពិសេសគឺត្រូវបានទុកផុតពីដៃរបស់មន្ត្រីរដ្ឋាភិបាលចិន។

ទោះបីជាមានការចូលខ្លួនដោះស្រាយពី ByteDance រឿងរ៉ាវនេះហាក់មិនមានប្រសិទ្ធិភាព ១០០ភាគរយនោះទេ ជាក់ស្តែងពេលថ្មីៗនេះ នាយក FBI លោក Christopher Wray បានផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិកថាលោក «មានការព្រួយបារម្ភយ៉ាងខ្លាំង» អំពីឥទ្ធិពលសក្តានុពលរបស់រដ្ឋាភិបាលចិនតាមរយៈ TikTok លើអ្នកប្រើប្រាស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញបើយោងតាមសេចក្តីប្រកាសព័ត៌មាន ប្រសិនបើច្បាប់ថ្មីរបស់ក្រុមសមាជិកសភាទ្វេភាគីអាមេរិកត្រូវបានអនុម័តនោះ នឹងកើតមានការហាមឃាត់នូវ «រាល់ប្រតិបត្តិការពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយដែលស្ថិតនៅក្នុង ឬក្រោមឥទ្ធិពលរបស់ចិន និងរុស្ស៊ី ជាពិសេសកម្មវិធី TikTok នឹងសម្រចបិទលែងឱ្យដំណើរការតែម្តង»