(កូរ៉េ)៖ តារាប្រុសល្បីឈ្មោះរបស់កូរ៉េ ដែលទស្សនិកជនស្គាល់ថា ជាអតីតសមាជិក BigBang គឺ លោក Seungri ត្រូវបានរាយការណ៍មកថា នឹងចេញពីពន្ធនាគារនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ខណៈអ្នកលេងបណ្តាញសង្គមកូរ៉េជាច្រើន នាំគ្នាភ្ញាក់ផ្អើលដោយសារពេលវេលាកន្លងផុតទៅយ៉ាងលឿន។ ទន្ទឹមគ្នានេះ ក៏មានការព្រួយបារម្ភពីអាជីពសិល្បៈរបស់លោកផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP។

ជាការកត់សម្គាល់ តារាប្រុស Seungri ត្រូវបានតុលាការកំពូលកូរ៉េកាត់ទោស ឲ្យជាប់ពន្ធនាគារយៈពេល១៨ខែទៀត ជុំវិញបទល្មើសខុសច្បាប់ជាច្រើនរួមមានដូចជា ករណីពេស្យាចារ និងការលេងល្បែងស៊ីសង ដែលជាបទល្មើស២ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន ៩ទៀត។ តែយ៉ាងណា នៅប៉ុន្មានថ្ងៃមុននេះ ក៏មានសេចក្តីរាយការណ៍ថា លោកនឹងត្រូវដោះលែងឲ្យមានសេរីភាពនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះហើយ។

ដោយឡែក ជាមួយនឹងវប្បធម៌ធ្វើពហិការក្នុងប្រទេសកូរ៉េ អាចនិយាយបានថា វាពិតជាពិបាកសម្រាប់សិល្បករ ក្នុងការវិលត្រឡប់មកវិញយ៉ាងងាយស្រួលបន្ទាប់ពី មានរឿងអាស្រូវ និងការជាប់ពន្ធនាគារ ខណៈដែលមានមតិមួយចំនួន បានលើកឡើងពីការដែលគួរផ្តល់ឱកាស ឱ្យលោក Seungri កសាងជីវិតឡើងវិញ។

គួររំលឹកថា កាលពីក្នុងឆ្នាំ ២០១៩ អាជីពរបស់លោក Seungri បានធ្លាក់ចុះនៅពេលដែលរូបលោក បានជាប់ក្នុងរឿងអាស្រូវដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ រួមមានទាំងអំពើខុសច្បាប់ជាច្រើនដូចជា ពេស្យាចារ ការសូកប៉ាន់ ការវាយដំ និងការគំរាមកំហែងជាដើម៕