(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកសុក្រនេះ ដោយអត្តពលិកអាស៊ាន ៧ប្រទេសចូលរួម។ ការប្រកួតគ្រោងធ្វើឡើង ៣ថ្ងៃ ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្លែងក្នុងពិធីបើកការប្រកួតកាលពីព្រឹកមិញ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ និងអត្តពលិកទាំងអស់ ដែលចូលរួមការប្រកួត ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC NOCC សហព័ន្ធកីឡាចំបាប់អន្ដរជាតិ(UWW) និងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការរៀបចំការប្រកួតនេះផងដែរ។

លោកថា «ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាអន្ដរជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែជាការបន្ដកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីរៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ការប្រកួតនេះ ក្នុងគោលបំណង ជួយលើកកម្ពស់ អប់រំ សុខមាលភាព ខាងផ្លូវចិត្ត ផ្លូវកាយ និងបច្ចេកទេសដល់កីឡាករ-កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួត ហើយដែលជាឱកាសផ្ដល់នូវមេរៀនបទពិសោធន៍ល្អៗទៀតផង»

គួរដឹងថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ Pre-SEA Games មុនស៊ីហ្គេម ឆ្នាំ២០២៣ នេះ គឺមានកីឡាករ-កីឡាការិនីចូលរួមសរុប ១១៥នាក់ មកពី ៧ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងឡាវ។ ក្រៅពីនេះ ក៏មានជំនាញការមកពី UWW រួមទាំងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ មកពីប្រមាណ ១០ប្រទេសចូលរួមកាត់សេចក្ដី និងរៀបចំការប្រកួតនេះដែរ៕