(អង់គ្លេស)៖ Henry Cavill គឺជាតារាសម្តែងសាច់ដុំម្នាក់របស់អង់គ្លេស ដែលលេចធ្លោក្នុងតួនាទី Superman ដោយសាររូបរាង និងសំឡេងរបស់លោក ខណៈថ្មីៗនេះមានសេចក្តីរាយការណ៍ថា លោកស្រាប់តែឈប់សម្តែងជាតួអង្គនេះទៀតហើយ។ ទន្ទឹមគ្នានេះ មានអ្នកគាំទ្រមួយចំនួនសង្ស័យថា លោកអាចទៅសម្តែងតួ James Bond ជំនួស Daniel Craig វិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

ជុំវិញមូលហេតុនៃការទម្លាក់ Henry Cavill ចេញពីតំណែង Superman មិនត្រូវបានបញ្ជាក់ច្បាស់លាស់ឡើយ។ ការដកចេញលោកពីតួអង្គនេះ គឺធ្វើឡើងដោយថៅកែថ្មីរបស់ DC Studios បើនិយាយទៅ គឺខ្ទង់ពីរខែប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសវិលត្រឡប់មកតួនាទី Superman វិញ។

Cavill បាននិយាយថា «ខ្ញុំទើបតែបានជួបជាមួយ James Gunn និង Peter Safran ហើយវាជាដំណឹងដ៏សោកសៅទៅកាន់ទាំងអស់គ្នា។ យ៉ាងណាមិញ ខ្ញុំនឹងមិនត្រឡប់មកសម្តែងជាតួ Superman វិញទេ» ឆ្លើយតបនឹងដំណឹងនេះ អ្នកគាំទ្រមួយចំនួនបាននឹងកំពុងដាក់ការសង្ស័យថា ពេលនេះ Cavill ទំនងជាអាចមកសម្តែងជាតួ James Bond ប្រសិនបើអ្នកដឹកនាំសម្តែងជ្រើសរើសរូបលោក។

ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ គឺនៅមិនទាន់មានការបញ្ជក់ច្បាស់លាស់ឡើយ ថាតើមូលហេតុអ្វីបានជាថៅកែថ្មីរបស់ DC ទម្លាក់តារារូបនេះពីតួអង្គ Superman ហើយអ្វីដែលគ្រប់គ្នាកាន់តែចង់ដឹងនោះ ថាតើលោកពិតជាទៅសម្តែងតួអង្គ James Bond ឬយ៉ាងណា ត្បិតថាពេលនេះអ្នកគាំទ្រកំពុងតាមដានបន្ត៕