(ភ្នំពេញ)៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីម្សិលមិញ ត្រូវបានបញ្ចប់ដោយរលូន និងជោគជ័យ​ដោយមានបងប្អូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ​ធ្វើចំនួន ៣៥១ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសជាមួយ​បណ្តាក្រុមហ៊ុនធំៗទាំង១៦។

ក្នុងវេទិកានេះដែរ ជាលទ្ធផល មានអ្នកសម្ភាស​ការងារជាប់សរុប ២៥៩នាក់ ដោយក្នុងនោះ មានអ្នកជាប់​ជាស្ថាពរចំនួន ១៤នាក់ និង ២៤៥នាក់ផ្សេងទៀត ជាប់បឋម ហើយនឹងត្រូវសម្ភាសបន្តទៀតជាមួយក្រុមហ៊ុននៅពេលក្រោយ។

គួររំលឹកថា ក្នុងវេទិកាការងារដែលរៀបចំមួយថ្ងៃពេញ​កាលពីម្សិលមិញនេះ មានក្រុមហ៊ុនធំៗ ចំនួន១៦ បានចូលរួមជ្រើសរើសបុគ្គលិកដែលមានដូចជា៖ ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុន Mekongnet, ក្រុមហ៊ុន WOWNOW, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុនលីហួរវេរលុយ, ក្រុមហ៊ុន ZARA MAP, ក្រុមហ៊ុន SVI, ក្រុមហ៊ុន THF&B CGTI, ក្រុមហ៊ុន GOODHILL, ធនាគារហត្ថា, ធនាគារ AEON, មីក្រូហិរញ្ញវត្ថុ AMK, ផ្សារទំនើប Lucky និង ក្រុមហ៊ុន CoGen។

វេទិកាការងារនេះ គឺជាយន្តការបន្ថែមរបស់ NEA ក្នុងការជួយ​ឲ្យអស់លទ្ធភាពដល់អ្នកស្វែងរកការងារដែលបានចូលរួម និងដាក់ពាក្យក្នុងមហាព្រឹត្តការណ៍​ពិព័រណ៍ការងារថ្នាក់ជាតិ​នៅកោះពេជ្រកាលពីចុងខែតុលាកន្លងទៅ ប៉ុន្តែមិនទាន់​ទទួលបានការងារនៅពេលនោះ។ ដូច្នេះ សម្រាប់យុវជន សិស្ស/និស្សិត ដទៃទៀតដែលចង់ស្វែងរកការងារទាំងពេញម៉ោង និងក្រៅម៉ោង សូមមកដាក់ CVs ជាមួយ NEA ដើម្បីអាចចូលរួម​ក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗ​ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពី​ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

សូមជម្រាបដែរថា ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងារ​រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕