(ព័រទុយហ្គាល់)៖ លោក Fernando Santos បានសម្រេចចិត្តចុះចេញពីតំណែងក្រោយដឹកនាំក្រុមព័រទុយហ្គាល់ ជ្រុះចេញពី World Cup 2022 ត្រឹមវគ្គ ៨ក្រុម ដែលលេងចាញ់ម៉ារ៉ុក ១-០។ នេះបើតាមការឲ្យដឹងរបស់សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF)។

បុរសវ័យ ៦៨ឆ្នាំលោក Santos បានចូលកាន់តំណែងនេះកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៤ ដ្បិតបានសម្រេចចិត្តចុះចេញពីតំណែងនេះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីការខកចិត្តយ៉ាងធ្ងន់ធ្ងរដោយដឹកនាំក្រុមលេងចាញ់ ជម្រើសជាតិម៉ារ៉ុក ១-០ ក្នុងការប្រជែងពាន FIFA World Cup 2022។

ប្រវតិ្តដឹកនាំក្រុមរបស់លោក ក្នុងរយៈពេល ៨ឆ្នាំកន្លងមកបានជួយឲ្យជម្រើសជាតិព័រទុយហ្គាល់ ឈ្នះជើងឯកអឺរ៉ុប Euro 2016 និងពាន UEFA Nations League 2019។

សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) បានលើកឡើងថា «(FPF) សូមថ្លែងអំណរគុណដល់លោក Fernando Santos និងសកម្មភាពទាំងអស់ដែលលោកបានផ្តល់ជូនក្នុងរយៈពេល ៨ឆ្នាំ» ខណៈពេលនេះសហព័ន្ធកំពុងស្វែងរកគ្រូបង្វឹកថ្មីផងដែរ៕