(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងយុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» របស់ក្រុមហ៊ុន ជាមួយសម្ព័ន្ធពាណិជ្ជកម្ម ៤ ទៀតរបស់ខ្លួន ដែលរួមមាន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍, ធនាគារ ជីប ម៉ុង, ជីប ម៉ុង រីថែល និង ជីប ម៉ុង លែន ដែលមានរយៈពេល ៤ ថ្ងៃចាប់តាំងពីថ្ងៃទី ៨ និងថ្ងៃ ១៣-១៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ។ ក្រុមហ៊ុនទទួលបានអ្នកចូលរួមចុះឈ្មោះពីបុគ្គលិក និងសាធារណជន សរុបរហូតដល់ជាង ៣០០នាក់។

កម្មវិធីថ្ងៃទី១៥ ថ្មីៗកន្លងទៅនេះ ជាថ្ងៃបញ្ចប់យុទ្ធនាការសម្រាប់ឆ្នាំ ២០២២ ហើយជាព្រឹត្តិការណ៍គួរឱ្យរំភើបរីករាយជាអនេក ដែលទាំងបុគ្គលិក និងសាធារណជនបានចូលរួមជាច្រើនកុះករចាប់តាំងពីព្រឹក រហូតដល់ពេលរសៀលដែលជាពេលបញ្ចប់កម្មវិធី។

អ្នកគ្រូ យស់ សុម៉ាលី អនុប្រធានការិយាល័យបច្ចេកទេស មជ្ឈមណ្ឌលជាតិផ្ដល់ឈាម តំណាងឱ្យក្រុមគ្រូពេទ្យ ដែលបានចូលរួមរយៈពេលប៉ុន្មានថ្ងៃមកនេះ បានថ្លែងអំណរគុណជា អនេកប្បការ និងកោតសសើរជាពន់ពេក ចំពោះ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែមានទឹកចិត្ត រៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានជួយសង្រ្គោះជិវិតប្រជាពលរដ្ឋជាច្រើនរយនាក់នៅកម្ពុជា ។
អ្នកគ្រូបានបន្ថែមចំណាប់អារម្មណ៍ ដែលឃើញអ្នកបរិច្ចាគមកបន្តកន្ទុយគ្នា ថានេះហើយជាទឹកចិត្តស្រលាញ់ និងចេះចែករំលែករបស់ប្រជាជនកម្ពុជា ហើយសកម្មភាពទាំងនេះ គួរតែត្រូវបានធ្វើការលើកកម្ពស់ និងផ្សព្វផ្សាយដោយទូលំទូលាយ។

ជាមួយគ្នានោះក្នុងចំណោមសាធារណជន ដែលចូលរួមឡើងគគ្រឹកគគ្រេងស្វាមីភរិយា ១ គូរ លោក យ៉េប ហាគិម និងអ្នកស្រី យូសុះយូទី ដែលទើបឡើងពីខេត្តមកដើរលេងក្នុងផ្សារ បានធ្វើការសម្រេចចិត្តបរិច្ចាគភ្លាមៗ ដោយយល់ថានេះជាឱកាសល្អក្នុងការចូលរួមចំនែកជួយសង្គមកម្ពុជា។

ដូចគ្នាដែរ មិត្តភក្តិស្រីៗ ២ នាក់ម្នាក់ឈ្មោះ ទិព្វ ស្រីលាក់ និងម្នាក់ឈ្មោះ យឹម ស៊ីវងីម បានប្រាប់ដែលថា ស្របពេល ដែលចង់បរិច្ចាគឈាមនៅថ្ងៃកំណើតរបស់ខ្លួនប៉ុន្មានថ្ងៃខាងមុខ ក៏ស្រាប់តែប្រទះឃើញដំណឹងនេះតាមរយៈហ្វេសប៊ុកផេចរបស់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយក៏បានយកឱកាសនេះចូលរូម ដោយបង្ហាញអារម្មណ៍រីករាយជាខ្លាំងក្នុងការរួមចំណែកក្នុងការងារមនុស្សធម៌នេះ។

អ្នកស្រី ងិន លីដា ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ជីប ម៉ុង និងជាអ្នកសម្របសម្រួលយុទ្ធនាការផ្ដល់ឈាមនេះ បានលើកឡើងថា ភាពជោគជ័យក្នុងយុទ្ធនាការនេះនឹងជាកម្លាំងចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចការរបស់ខ្លួន ក្នុងការបំពេញបេសកកម្មបរិច្ចាគត្រលប់មកសង្គមវិញ ហើយអ្នកស្រីសង្ឃឹមថា ឆ្នាំក្រោយៗនឹងមានអ្នកចូលរួមកាន់តែច្រើនបន្ថែមទៀត។

ក្រុមហ៊ុន ជីប ម៉ុង ពិតជាមានសេចក្ដីអំណរ និងសូមកោតសរសើរទឹកចិត្តចំពោះគ្រប់គ្នា ដែលបានចំណាយពេលដ៏មានតម្លៃក្នុងការមកចូលរួមធ្វើការបរិច្ចាគឈាម និងសូមថ្លែងអំណរគុណ សម្រាប់ទាំងអ្នករៀបចំកម្មវិធី អ្នកចូលរួមកម្មវិធី និងក្រុមគ្រូពេទ្យក្នុងការស្វះស្វែងអស់ពីកម្លាំងកាយចិត្ត និងបានធ្វើឱ្យកម្មវិធីបញ្ចប់ទៅដោយរលូន។

សូមបញ្ជាក់ដែលថា ថ្វីត្បិតថានេះជាថ្ងៃបញ្ចប់ យុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» របស់ក្រុមហ៊ុន ជីប ម៉ុង តែគ្រប់គ្នានៅតែអាចចូលរួមបរិច្ចាគទៅកាន់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ផ្ទាល់ជារៀងរាល់ថ្ងៃ ព្រោះតម្រូវការឈាមគឺនៅតែមានកម្រិតខ្ពស់៕