(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) និងសហព័ន្ធកីឡាជនពិការអាស៊ាន(APSF) បានប្ដេជ្ញារួមគ្នារៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ និងមានស្ដង់ដារខ្ពស់បំផុត ។

នេះបើតាមការអះអាងរបស់តំណាងភាគីទាំងពីរ បន្ទាប់ពីការចុះអនុស្សារណៈយោគយល់គ្នា(MOU) រវាង CAMAPGOC និង APSF នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Phnom Penh ក្រោមវត្ដមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMAPGOC ហើយក៏មានការចូលរួមពីលោកបណ្ឌិត Osoth Bhavilai ប្រធាន APSF ផងដែរ ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង CAMAPGOC ការចុះ MOU នេះ ដើម្បីសហការគ្នា និងជួយបំពេញបន្ថែមដល់គ្នាទៅវិញទៅមក រវាងគណៈកម្មាធិការជាតិ CAMAPGOC និង APSF។ នេះជាការផ្លាស់ប្តូរបទពិសោធទៅវិញទៅមក ក្នុងការបញ្ជាក់អំពីការបំពេញតួនាទីភារកិច្ច អំពីម្ចាស់ផ្ទះកម្ពុជា APSF និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្វើអ្វីខ្លះ ដែលបានបញ្ជាក់ច្បាស់ក្នុងខ្លឹមសារនៃ MOU ដើម្បីធានាបានជោគជ័យក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ស្របតាមស្ដង់ដារអន្ដរជាតិ នៃកីឡាជនពិការអាស៊ី និងពិភពលោក ។

មន្ដ្រីជំនាញកីឡាជនពិការកម្ពុជាខាងលើ បានបញ្ជាក់ថា «ការត្រៀមរៀបចំកីឡាជនពិការនៅកម្ពុជាជាលើកដំបូងនេះ គឺកម្រិតហ្គេមស្តង់ដាខ្ពស់ ដែលត្រូវឲ្យភាគីពាក់ព័ន្ធចុះអនុស្សរណៈយោគយល់គ្នា ពិសេសគឺការជួយជ្រោមជ្រែងរបស់ APSF ដែលមានបទពិសោធជាង ២០ឆ្នាំមកហើយ។ ម្ចាស់ផ្ទះកម្ពុជាចង់បានឲ្យ APSF ដាក់ធាតុចូលជាសេចក្តីចាំបាច់ ដើម្បីគោលដៅនៃភាពយុត្តិធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍យើងទាំងមូល»

«MOU នេះ មានខ្លឹមសារលើសពីហ្គេមទៅទៀត ដោយចង្អុលបង្ហាញពីគោលដៅនៃការពង្រីកវិសាលភាពព័ត៌មាន កិត្តិយសឧត្តមភាពរបស់ម្ចាស់ផ្ទះកម្ពុជា ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាខ្ពស់ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ កន្លងទៅថា ការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺជាការលើកទឹកចិត្ត និងការគោរពសិទ្ធិមនុស្ស ដោយមិនបោះបង់បងប្អូនណាមួយនៅពីក្រោយខ្នងទេ»។ លោក យី វាសនា បន្ថែម ។

ដោយឡែកលោកបណ្ឌិត Osoth Bhavilai បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដែលគាំទ្រពេញទំហឹងចំពោះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ហើយក៏បានអបអរសាទរកម្ពុជា ចំពោះការត្រៀមខ្លួនរួចរាល់ ដើម្បីទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ ។

លោកថា «APSF បានផ្តល់សិទ្ធិឲ្យកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ហើយខ្ញុំទទួលខុសត្រូវមកទីនេះដើម្បីជួយ និងសម្របសម្រួលកម្ពុជាឲ្យទទួលបានជោគជ័យ។ ត្រូវធ្វើឲ្យប្រាកដច្បាស់ថា ការរៀបចំប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាដំណើរការដោយរលូន និងជោគជ័យ។ យើងមិនមែនមកទីនេះដើម្បីធ្វើអ្វីដែលអវិជ្ជមានទេ។ យើងត្រូវធ្វើការរួមគ្នា ពីព្រោះយើងត្រូវទទួលខុសត្រូវក្នុងការអនុវត្តដើម្បីរៀបចំសៀវភៅបច្ចេកទេស Handbook ព្រោះសៀវភៅបច្ចេកទេស គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមសមាជិកអាស៊ានទាំង១០ប្រទេស»

ប្រធាន APSF សង្កត់ធ្ងន់ថា «ក្នុងនាមខ្ញុំជាប្រធាន ខ្ញុំមានបេសកកម្មតាមដាន និងសម្របសម្រួលអ្វីៗទាំងអស់ឲ្យមាននៅក្នុងសៀវភៅបច្ចេកទេស ហើយធ្វើការជាមួយ APSF យើងជឿជាក់ថា ការរៀបចំអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាទទួលបានជោគជ័យ។ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMAPGOC។ ជាពិសេសសូមអរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រ ហើយយើងជឿជាក់ថា យើងនឹងរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាបានល្អបំផុត»

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើលិខិតអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការជាតិរៀបចំកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ និងសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMAPGOC ដោយមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMAPGOC និងលោកណ្ឌិត Osoth Bhavilai ប្រធាន APSF ជាភាគីហត្ថលេខី៕