(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំលំដាប់ពិភពលោក Ford Motor Co និងក្រុមហ៊ុនចិន Contemporary Amperex Technology Co Ltd (CATL) កំពុងពិចារណាក្នុងការសាងសង់រោងចក្រផលិតអាគុយអគ្គិសនីរួមគ្នាថ្មីមួយនៅលើទឹកដីសហរដ្ឋអាមេរិក រដ្ឋ Michigan និងជម្រើសទី២ រដ្ឋ Virginia។ នេះបើយោងយតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ប្រភពពី Bloomberg បានរាយការណ៍ថា រោងចក្រដែលគ្រោងសាងសង់រួមគ្នាក្នុងតម្លៃរាប់ពាន់លានដុល្លាររវាងក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford និងក្រុមហ៊ុនចិន CALT នឹងចាប់ដៃគ្នាផលិតអាគុយលីចូម អ៊ីយ៉ុង និងផូស្វាត សម្រាប់ផ្គត់ផ្គង់រថយន្តអគ្គិសនីក្រុមហ៊ុន Ford។

យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរកំពុងពិចារណាទៅលើរចនាសម្ព័ន្ធកម្មសិទ្ធិដែលក្រុមហ៊ុន Ford នឹងជាអ្នកវិនិយោគហិរញ្ញវត្ថុ ១០០ភាគរយនៃរោងចក្រថ្មីនោះ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលក្រុមហ៊ុនយក្សចិន CALT នឹងកាន់កាប់ទៅលើដំណើរការរោងចក្រទាំងមូល និងជាអ្នកទទួលបន្ទុកទៅលើផ្នែកបច្ចេកវិទ្យាដើម្បីផលិតអាគុយ។

ដូច្នេះជាមួយនឹងកិច្ចសហប្រតិបត្តិការរួមគ្នានេះ ត្រូវបាន Bloomberg បន្ថែមទៀតថា នោះនឹងអនុញ្ញាតឱ្យរោងចក្រថ្មីរវាងក្រុមហ៊ុនអាមេរិក និង ចិននេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឥណទានពន្ធផលិតកម្មក្រោមច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់ត្រូវការការវិនិយោគហិរញ្ញវត្ថុផ្ទាល់ពី CATL នោះទេ៕