(ភ្នំពេញ)៖ ស្ថាប័នហិរញ្ញវត្ថុ PROPARCO របស់ប្រទេសបារាំង បានសហការជាមួយធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដែលជាដៃគូយូរអង្វែងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD Group) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទានចំនួន ២០លានដុល្លារអាមេរិក និងជំនួយបច្ចេកទេសចំនួន ១,៥លានអឺរ៉ូ ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន នូវសេវាមូលដ្ឋានចាំបាច់ ដូចជា ទឹកស្អាត និងអគ្គិសនី សម្រាប់គ្រួសារកម្ពុជានៅតំបន់ជុំវិញទីប្រជុំជន និងជនបទ ។

រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅជំរុញឲ្យគ្រប់ក្រុមគ្រួសារទាំងអស់ នៅទូទាំងប្រទេសត្រូវទទួលបាននូវសេវាទឹកស្អាត និងអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ ២០២៥។ ដើម្បីសម្រេចបាននូវគោលដៅនេះ គឺត្រូវពឹងផ្អែកលើប្រតិបត្តិករឯកជនជាច្រើន ដើម្បីជួយជំរុញលទ្ធភាពផ្គត់ផ្គង់នូវសេវាមូលដ្ឋានសំខាន់នេះសម្រាប់ប្រជាជននៅតាមតំបន់ជុំវិញទីក្រុង និងជនបទ។

វិស័យទឹកស្អាតនៅតាមបណ្តាទីក្រុងធំៗត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនសាធារណៈ។ ប្រតិបត្តិករឯកជនតូចៗ «សហគ្រាសទឹកខ្នាតតូច - (SWEs)» ទទួលខុសត្រូវចំពោះការចែកចាយទឹកនៅក្នុងតំបន់ដទៃទៀតនៃប្រទេស ។ សហគ្រាសទឹកខ្នាតតូចនីមួយៗ ផលិត និងចែកចាយទឹក ជូនប្រជាជនចន្លោះពី ៥០០ ទៅ ២០.០០០ គ្រួសារ ។

ប្រតិបត្តិករទាំងនេះមានសារៈសំខាន់ ប៉ុន្តែភាគច្រើននៅមានកង្វះខាតជំនាញបច្ចេកទេស និងការគ្រប់គ្រង ដូចជាកង្វះខាតក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មនៅមានកម្រិត ជាកត្តាបានបណ្តាលឱ្យមានការបរាជ័យក្នុងដំណើរការប្រតិបត្តិការ (ដូចជាក្នុងករណីខ្លះអាចមានការបាត់បង់ទឹកជាមធ្យមពី ៣០% ទៅ ៤០% នៅលើបណ្តាញចែកចាយ) ដែលបង្កើតជាឧបសគ្គ ពិបាក ឬមិនអាចទទួលបាននូវឥណទានដើម្បីពង្រីកអាជីវកម្ម ។ តម្រូវការហិរញ្ញប្បទាន របស់ប្រតិបត្តិករឯកជនតូចៗទាំងនេះត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត ២៨០លានដុល្លារសម្រាប់វិស័យទឹកស្អាត និង ១៣២,៥លានដុល្លារ សម្រាប់វិស័យអគ្គិសនី។

* គាំទ្រលទ្ធភាពទទួលបានសេវាសំខាន់ និងចាំបាច់

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមក្នុងការទទួលបានសេវាសំខាន់ និងចាំបាច់ទាំងនេះ PROPARCO បានផ្តល់ និងចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ឥណទានចំនួន ២០ លានដុល្លារ ជូនដល់ធនាគារពាណិជ្ជកម្មក្រៅទេស នៃកម្ពុជា (FTB) និងជំនួយបច្ចេកទេសចំនួន ១,៥ លានអឺរ៉ូ ។ ការផ្តល់ឥណទានដល់ធនាគារ FTB នេះមានគោលបំណងជាចម្បង ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករទឹក និងអគ្គិសនីខ្នាតតូច (សហគ្រាសផ្គត់ផ្គង់ទឹក និងអគ្គិសនីជនបទ) ដែលមានទីតាំងនៅជនបទ និងតំបន់ជុំវិញទីប្រជុំជននៅទូទាំងប្រទេសកម្ពុជា ។

ហិរញ្ញប្បទាននេះ ក៏នឹងគាំទ្រដល់ធនាគារ FTB ក្នុងបំណងចង់ផ្តល់ហិរញ្ញប្បទានដល់ គម្រោង «អាកាសធាតុ» ផ្សេងទៀត ។ គម្រោងនេះ គឺជាដំណើរការបន្តពីគម្រោង នៃដំណាក់កាលទីមួយ របស់AFD ដើម្បីគាំទ្រដល់ប្រតិបត្តិករទឹក និងអគ្គិសនីខ្នាតតូចនៅកម្ពុជាចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ដែលបានជួយឱ្យប្រជាជនប្រមាណជិត ៣៦.០០០គ្រួសារ មានទឹកស្អាតប្រើប្រាស់ និងជាង ២៦.០០០ គ្រួសារ មានអគ្គិសនីប្រើប្រាស់នៅតាមផ្ទះ ។

* ដំណាក់កាលទីពីរនៃគម្រោងជាមួយដៃគូ AFD Group

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ដែលជានាយកដ្ឋានមួយ របស់ធនាគារជាតិនៃកម្ពុជា (NBC) ហើយបានដើរតួនាទីយ៉ាងសកម្ម ក្នុងការចូលរួមកសាងឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា អស់រយៈពេលប្រមាណ២០ឆ្នាំ ។ ធនាគារ FTB ត្រូវបានផ្លាស់ប្តូរ មកជាពាណិជ្ជនៅឆ្នាំ១៩៩៩ និងត្រូវបានធ្វើឯកជនភាវូបនីយកម្ម នៅក្នុងឆ្នាំ២០០៥។ ធនាគារ FTB គឺជាធនាគារក្នុងស្រុកឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងមានយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតាក្នុងការអភិវឌ្ឍន៍បណ្តាញចែកចាយរបស់ខ្លួន និងការពន្លឿនការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

ដោយសារចំពោះភាពជាដៃគូរវាង PROPARCO និង ធនាគារFTB គម្រោងនេះនឹងមានផលជាវិជ្ជមាន និងយ៉ាងសំខាន់ដល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ។ ក្នុងកំឡុងពេល៥ឆ្នាំនេះ គម្រោងនេះនឹងផ្តល់ការងារជិត ១,៨០០ នៅក្នុងធនាគារ និងសហគ្រាសធុនតូច និងមធ្យម ដែលនឹងទទួលបានអត្ថប្រយោជន៍ពីហិរញ្ញប្បទាននេះ ។ ធនាគារ FTB មានបុគ្គលិកស្រី្តចំនួន ៥៦% និងមានគោលនយោបាយយេនឌ័រស្របទៅតាមបទប្បញ្ញត្តិជាតិ គម្រោងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ ៣០% នៃគំនិតផ្តួចផ្តើមលើបញ្ហាប្រឈម 2X (2X Challenge Initiative) ដើម្បីគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការកាត់បន្ថយវិសមភាពយេនឌ័រ ។

ជាសរុប ប្រជាជនប្រមាណជិត ៥៤៤.០០០នាក់ ត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការទទួលបានសេវាទឹកស្អាត និងអគ្គិសនី។ ជាចុងក្រោយ គម្រោងនេះមានគោលបំណងផ្តល់ហិរញ្ញប្បទាន ដល់គម្រោងដែលផ្តល់អត្ថប្រយោជន៍ជារួមដល់អាកាសធាតុ (៦០%) និងការកាត់បន្ថយការឡើងកំដៅអាកាសធាតុ (២៩%) ដែលធ្វើឱ្យប្រាក់កម្ចី៨៩% ដែលទទួលបានពីPROPARCO គឺផ្តោតលើ «អាកាសធាតុ»។

លោកស្រី Sandrine Boucher អគ្គនាយក AFD ប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «AFD Group មានសេចក្តីសោមនស្សរីករាយក្នុងការបន្តការគាំទ្ររបស់ខ្លួនដល់ក្រុមហ៊ុនផលិតទឹក និងអគ្គិសនីខ្នាតតូច តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ធនាគារ FTB ។ យើងទន្ទឹងរង់ចាំក្នុងការរួមសហការ និងធ្វើការរួមគ្នាសម្រាប់សហគ្រិនខ្នាតតូចនៅកម្ពុជា ។ គម្រោងនេះ គឺជាការបន្តនៃការគាំទ្រដំបូងដែលបានផ្តល់ដោយ AFD នៅក្នុងឆ្នាំ ២០១៤ ។ ឥឡូវនេះត្រូវបានអនុវត្តដោយក្រុមការងាររបស់ PROPARCO ហើយដំណាក់កាលទីពីរនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង AFD, PROPARCO និងធនាគារ FTB »។

AFD មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់នូវឧបករណ៍ ប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យឯកជន ។ ដំណាក់កាលទី ១ បានអនុញ្ញាតឱ្យប្រជាជនចំនួន ៣៦.០០០ គ្រួសារអាចទទួលបានសេវាទឹកស្អាតប្រកបដោយគុណភាពប្រសើរជាងមុន និងផ្ទះជាង ២៦.០០០ ខ្នងមានអគ្គិសនីប្រើប្រាស់ ។ ដំណាក់កាលទី ២ ក្រុមការងារនឹងពង្រីកបន្ថែម ព្រមទាំងធ្វើពិពិធកម្មលើផលប៉ះពាល់ ។

តាមរយៈផលប៉ះពាល់ជាវិជ្ជមាន នៃការអភិវឌ្ឍន៍ផ្សេងៗដែលរំពឹងទុក គម្រោងនេះនឹងចូលរួមចំណែកដល់ សមភាពយេនឌ័រ ទឹកស្អាត និងអនាម័យ ថាមពលស្អាត និងតម្លៃសមរម្យ ការកាត់បន្ថយវិសមភាព ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព និង វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

សូមជម្រាបថា PROPARCO គឺជាផ្នែកហិរញ្ញប្បទានឯកជនរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD Group)។ PROPARCO បាននិងកំពុងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាពអស់រយៈពេល ៤៥ ឆ្នាំមកហើយ ។ PROPARCO ផ្តល់មូលនិធិ និងការគាំទ្រដល់អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុនៅទ្វីបអាហ្វ្រិក អាស៉ី អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ។

សកម្មភាពរបស់ PROPARCO ផ្តោតលើវិស័យអភិវឌ្ឍន៍សំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ កសិ-ពាណិជ្ជកម្ម ស្ថាប័នហិរញ្ញវត្ថុ សុខភាព និងវិស័យអប់រំ ។ ប្រតិបត្តិការរបស់ PROPARCO មានគោលបំណងពង្រឹងការចូលរួមចំណែករបស់វិស័យឯកជន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនៅឆ្នាំ ២០១៥ ។ ជាទីបញ្ចប់ PROPARCO បានចូលរួមចំណែកដល់ការបង្កើតការងារ និងប្រាក់ចំណូលសមរម្យ ការផ្តល់ទំនិញ និងសេវាកម្មដែលចាំបាច់ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១ នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។ ផ្អែកលើមូលដ្ឋានគ្រឹះ និងប្រវត្តិអាជីវកម្មដ៏រឹងមាំ ធនាគារFTB នឹងបន្តជួយគាំទ្រអតិថិជនឲ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចង្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕