(រ៉ូម)៖ លោក Sinisa Mihajlovic ដែលធ្លាប់ជាកីឡាករ និងជាគ្រូបង្វឹក សម្រាប់ក្លិបមួយចំនួនលេងនៅលីគកំពូលអ៉ីតាលី Serie A នោះ បានស្លាប់បាត់បង់ជីវិតហើយក្នុងវ័យ ៥៣ឆ្នាំនៅថ្ងៃសុក្រ បន្ទាប់ពីតស៊ូយ៉ាងយូរជាមួយនឹងជំងឺមហារីក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

Mihajlovic ត្រូវបានបណ្តេញចេញពីតួនាទីជាអ្នកចាត់ការក្លិប Bologna ដែលលេងនៅ Serie A កាលពីខែកញ្ញា បន្ទាប់ពីពួកគេបានឈ្នះតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៥ប្រកួតដំបូងក្នុងលីគរបស់ពួកគេ។

បុរសសញ្ជាតិស៊ែប៊ីរូបនេះ បានក្លាយជាអ្នកចាត់ការក្លិប Bologna ជាលើកទី២ ក្នុងឆ្នាំ២០១៩ ហើយបានបំពេញការងារ ស្របពេលដែលកំពុងតស៊ូ ជាមួយនឹងជំងឺមហារីកឈាម។

អាជីពជាកីឡាករវិញ លោកបានលេងនៅក្លិប Sampdoria និង Lazio ហើយក៏ធ្លាប់ធ្វើជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ីផងដែរ៕