(អាល់រ៉េយ៉ាន់)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Club World Cup ឆ្នាំ២០២៥ នឹងមាន ៣២ក្លិបចូលរួមប្រកួត ដែលជាការបង្កើតទម្រង់ប្រកួត ស្រដៀងទៅនឹងព្រឹត្តិការណ៍ World Cup ដែលបាននឹងកំពុងអនុវត្ត។ នេះបើតាមសម្តីប្រធាន FIFA លោក Gianni Infantino ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

លោកបានលើកឡើងថា ព្រឹត្តិការណ៍​ ដែលបច្ចុប្បន្ន មានក្លិបចំនួន ៧ចូលរួមប្រកួតនោះ នឹងធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង ហើយនឹងបង្កើនប្រាក់ចំណូលសម្រាប់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ បន្ថែមទៀតដែរ។

បច្ចុប្បន្ន ក្លិបលំដាប់កំពូលប្រចាំទ្វីបនីមួយៗ ព្រមទាំងក្រុមជើងឯកជាតិរបស់ប្រទេសជាម្ចាស់ផ្ទះផងនោះ នឹងប្រជែងគ្នា ដើម្បីដណ្តើមពានរង្វាន់ Club World Cup។

លោក Infantino បានសង្កត់ធ្ងន់ថា FIFA រំពឹងថា នឹងទទួលបានប្រាក់ចំណូល ១១ពាន់លានដុល្លារ សម្រាប់រយៈពេល ៤ឆ្នាំ ចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៦ ប៉ុន្តែថាមិនទាន់រួមបញ្ចូលទម្រង់បង្កើតថ្មី Club World Cup ក្នុងឆ្នាំ២០២៥ នោះទេ។

លោកបានបន្តថា Club World Cup ​ឆ្នាំ២០២២ ជាទម្លាប់នឹងត្រូវធ្វើឡើងក្នុងខែធ្នូ ប៉ុន្តែត្រូវបានពន្យារពេលក្នុងឆ្នាំនេះ ដោយសារព្រឹត្តិការណ៍ World Cup នៅកាតា ដោយមានប្រទេសម៉ារ៉ុកធ្វើម្ចាស់ផ្ទះនៅឆ្នាំក្រោយ។

សូមជម្រាបដែរថា ការបង្កើតទម្រង់ថ្មីមានរហូតដល់ទៅ ៣២ក្លិប ក្នុងឆ្នាំ២០២៥នេះ ត្រូវបានសម្រេចដោយក្រុមប្រឹក្សា FIFA បន្ទាប់ពីខ្លួនបានរៀបចំកិច្ចប្រជុំប្រតិបត្តិនៅថ្ងៃសុក្រម្សិលមិញ៕