(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅកម្ពុជា បានបញ្ចប់ការប្រកួតវិញ្ញាសាក្រិចកូរ៉ូម៉ាំងចំនួន ១០ប្រភេទទម្ងនហើយ សម្រាប់ថ្ងៃដំបូង នៅថ្ងៃទី១៦ ខែធ្នូនេះ ដោយម្ចាស់ផ្ទះកមេដាយដណ្ដើយមេដាយ ៦គ្រឿង រួមមានមេដាយមាស ១ និងប្រាក់ ៥ ខណៈអត្តពលិកវៀតណាម និងឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយមាស ៤គ្រឿងដូចគ្នា ។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ១ថ្ងៃពេញ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិញ្ញាសាក្រិចកូរ៉ូម៉ាំង ដែលបានបញ្ចប់រួមមានទម្ងន់ក្រោម ៥៥គីឡូក្រាម, ទម្ងន់ ៦០គីឡូក្រាម, ទម្ងន់ ៦៣គីឡូក្រាម, ទម្ងន់ ៦៧គីឡូក្រាម, ទម្ងន់ ៧២គីឡូក្រាម, ទម្ងន់ ៧៧គីឡូក្រាម, ទម្ងន់ ៨២គីឡូក្រាម, ទម្ងន់ ៨៧គីឡូក្រាម, ទម្ងន់ ៩៧គីឡូក្រាម និងប្រភេទទម្ងន់ ១៣០គីឡូក្រាម ។
ជាលទ្ធផលបណ្ដោះអាសន្ន អត្តពលិកកីឡាចំបាប់វៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង មានមេដាយមាស ៤ និងប្រាក់ ៦ តាមពីក្រោយដោយអត្តពលិកឥណ្ឌូនេស៊ី ឈ្នះមេដាយសរុប ៦គ្រឿង (មាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១) ។ បន្ទាប់មកថៃ ឈរលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ និងម្ចាស់ផ្ទះកម្ពុជា ឈរលេខ៤ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៥ ។ រីឯហ្វីលីពីន ឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ ២ ឈរលើឡាវ និងសិង្ហបុរី ដែលពុំទាន់ឈ្នះមេដាយអ្វីឡើយ ។
គួរដឹងថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គ្រោងដំណើរការប្រកួតផ្លូវការយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៦-១៨ ខែធ្នូ ដោយមានកីឡាករ-កីឡាការិនី ១១៥នាក់ មកពី ៧ប្រទេសចូលរួម និងធ្វើការប្រកួតលើ ៣វិញ្ញាសា រួមមានវិញ្ញាសាក្រិចកូរ៉ូម៉ាំង ចំបាប់សេរីបុរស-នារី ដែលក្នុងវិញ្ញាសានីមួយៗ មាន ១០ប្រភេទទម្ងន់ដូចៗគ្នា ។ ការប្រកួតនេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ Pre-SEA Games សម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ៕