(បរទេស)៖ តុលាការក្នុងស្រុករបស់អាមេរិកបានកាត់ទោសជនជាតិអាមេរិក-លីបង់ដែលមានឈ្មោះ Ahmad Abouammo ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំកន្លះ កាលពីថ្ងៃពុធកន្លងទៅ ពីបទបែកធ្លាយព័ត៌មានឯកជន រួមទាំងលេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកប្រើប្រាស់ Twitter ទៅកាន់គ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

បុរសសញ្ជាតិពីរ Ahmad Abouammo ធ្លាប់បម្រើការនៅ Twitter ហើយទទួលបន្ទុកក្នុងការជួយត្រួតពិនិត្យភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយសម្រាប់ក្រុមហ៊ុននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ ដោយឡែកទាក់ទិននឹងបញ្ហានេះត្រូវបានគេរកឃើញថាលោកបានឆ្លៀតឪកាសក្នុងពេលដែលលោកនៅបម្រើការនៅ Twitter នៅឡើយ ដោយលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យភ្នាក់ងាររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

យោងតាមសក្ខីកម្មរបស់ភ្នាក់ងារ FBI ដែលបង្ហាញដល់សង្កាត់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា បានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ ២០១៤ ភ្នាក់ងាររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានជួបសំណេះសំណាលជាមួយនឹង Abouammo ដោយក្នុងអំឡុងពេលជួបគ្នានោះរួមមានអំណោយ ហើយថែមទាំងបានដាក់ប្រាក់ចូលទៅក្នុងគណនីធនាគាររបស់បងប្អូនជីដូនមួយរបស់គាត់ថែមទៀតផង។ បន្ទាប់ពីជំនួបនោះ Abouammo ក៏បានចាប់ផ្តើមលួចយកទិន្នន័យដោយសម្ងាត់នូវគណនីអ្នកប្រើប្រាស់ដែលរិះគន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ហើយចែករំលែកអាសយដ្ឋានអ៊ីមែល និងលេខទូរស័ព្ទរបស់ពួកគេទៅកាន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

ជុំវិញការគប់គិតគ្នានេះបានបណ្តាលឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ទៅលើអ្នកដែលបានបញ្ចេញមតិប្រឆាំងរដ្ឋាភិបាលនៅលើបណ្តាញទំនាក់ទំនងសង្គមជាពិសេសគឺ Twitter តែម្តង។ កាលពីខែមេសាកន្លងទៅតុលាការក៏បានកាត់ទោសលោកស្រី Salma al-Shehab ជាពលរដ្ឋអារ៉ាប៊ីសាអូឌីត និងម្តាយដែលមានអាយុ ៣៤ ឆ្នាំនិងកូនពីរនាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣៤ឆ្នាំពីការសរសេរសារប្រឆាំងរដ្ឋាភិបាលផងដែរ។

ប្រភពដដែលបានគូសបញ្ជាក់ថា Abouammo បានលាឈប់ពី Twitter ក្នុងខែឧសភា ឆ្នាំ២០១៥។ បើទោះបីជារូបលោកបានចាកចេញពី Twitter ហើយក៏ដោយលោកនៅតែជួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តាមរយៈការទាក់ទងអតីតមិត្តរួមការងារ និងបានបញ្ចុះបញ្ចូលឱ្យពូកគេជួយ Verify គណនីរបស់អារ៉ាប៊ីសាអូឌីត រួមទាំងលុបនូវរាល់ការបង្ហោះដែលភ្នាក់ងារនេះចាត់ទុកថាជាការប្រឆាំង។

គួរបញ្ជាក់ដែរថា ក្នុងរឿងក្តីនេះមានបុរសម្នាក់ទៀតដែលជាអតីតបុគ្គលិក Twitter ត្រូវបានគេរកឃើញថាបានចូលរួមផ្សំគំនិត ប៉ុន្តែពេលនេះត្រូវបានរត់គេចខ្លួន៕