(ភ្នំពេញ)៖ វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 រវាងបារាំង និងអាហ្សង់ទីន នឹងធ្វើឡើងនារាត្រីថ្ងៃអាទិត្យស្អែកនេះនៅសួនច្បារទល់មុខវត្តបទុមវតី ក្រោមយុទ្ធនាការ #BeyondTheGames នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រកាសនឹងរៀបចំកម្មវិធីពិសេស #BeyondTheGames Fan Zone ចូលរួមទស្សនាដោយសេរីចាប់ពីម៉ោង ៤ល្ងាចដល់ម៉ោង ១២យប់។
ព្រឹត្តិការណ៍នៃការទស្សនាបាល់ទាត់ជាមួយគ្នាដោយសេរីរបស់ #BeyondTheGames Fan Zone នឹងមានការប្រគំតន្រ្តីដែលចូលរួមដោយតារាកិត្តិយសល្បីៗជាច្រើនរូប ដូចជាលោក Sai លោក Zono ក្រុម Workaholic លោក ចាន់ វឌ្ឍនាកា កញ្ញា Mina លោក វង្ស តារារតនា កញ្ញា កាម៉ុនរ៉ាត់ កញ្ញា សោម ស្រីនាថ ក្រុម OMG លោក សុខ រ៉ាស៊ី លោក យ៉ុង ម៉ុងហាក់ និងក្រុម X-BRO Band ជាដើម។ លើសពីនេះ ក៏នឹងមានសកម្មភាពកម្សាន្តសប្បាយនានាក្នុងស្មារតីកីឡា និងលើសពីកីឡា រួមជាមួយកាដូអនុស្សាវរីយ៍ផ្សេងៗ ជាច្រើនទៀតផងដែរ។
គួរដឹងថា យុទ្ធនាការ #BeyondTheGames គឺជាផ្នែកមួយនៃយុទ្ធនាការរួមរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ដែលអនុវត្តដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាដៃគូរបស់ CAMSOC ក្នុងគោលបំណងដើម្បីបង្កើត និងផ្សាភ្ជាប់ជាមួយមហាជនទូទៅនូវមនោសញ្ចេតនា និងមោទកភាពនៃភាពជាខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
កន្លងមកយុទ្ធនាការ #BeyondTheGames បានរៀបចំសកម្មភាពទាក់ទងនឹងវិស័យកីឡាជាច្រើន ដែលទទួលបានការចូលរួមយ៉ាងសកម្មពីមហាជន ហើយយុទ្ធនាការ #BeyondTheGames នឹងនៅតែបន្តរៀបចំសកម្មភាពបន្ថែមទៀត ដើម្បីផ្សារភ្ជាប់មហាជនទៅនឹងភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ឲ្យបានទូលំទូលាយជាងមុន និងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រៀមខ្លួនក្នុងការលើកតម្កើងភាពអស្ចារ្យរបស់កម្ពុជាទៅកាន់ពិភពលោកនៅក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ៕