(បរទេស)៖ Samsung កំពុងចំអក Apple ជាថ្មីម្តងទៀតពេញបណ្តាញផ្សព្វផ្សាយសង្គមចំពោះការមិនលក់ iPhone ដែលអាចបត់បាន ដោយលើកនេះចេញមកជាមួយនឹងវីដេអូផ្សាយពាណិជ្ជកម្មថ្មីដែលមានប្រធានបទ World Cup ដោយ Samsung បោះពាក្យថា «ដល់ពេលដែលត្រូវបត់ជាមួយគ្នាហើយ»។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន MacRumors នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

ក្នុងរូបភាពជាវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មដែលបានបង្ហោះនៅលើគណនី Weibo មួយរបស់ Samsung បានបង្ហាញពីស្មាតហ្វូនម៉ូដែល Galaxy Flip របស់ខ្លួនជាអ្នកគាំទ្រនៅក្នុងកីឡាដ្ឋានបាល់ទាត់ ក្នុងព្រឹត្តិការណ៍ World Cup 2022។ ដោយក្នុងវីដេអូនោះ ហាក់បង្ហាញពីការហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងបន្ទាប់ពីក្រុមបាល់ទាត់ទទួលបានជោគជ័យក្នុងការស៊ុតបញ្ចូលទី ដោយស្មាតហ្វូនតំណាងឱ្យ Samsung Galaxy Flip អាចធ្វើសកម្មភាពបត់ចុះបត់ឡើងបានយ៉ាងរីករាយ ខណៈស្មាតហ្វូនម៉ូដែលផ្សេងទៀតដែលគេចាត់ទុកថាជាម៉ូដែល iPhone នោះ ហាក់បង្ហាញអារម្មណ៍សោកសៅព្រោះតែមិនអាចធ្វើសកម្មភាពបត់ចុះបត់ឡើងបានដូចទៅនឹង Samsung។

នេះមិនមែនជាលើកទី១ ទេដែល Samsung លេងសើចជាមួយ Apple ទៅលើកង្វះស្មាតហ្វូនដែលមិនអាចបត់បាន។ ដោយឡែកនៅក្នុងការផ្សាយពាណិជ្ជកម្មមួយកាលពីខែមុន Samsung ក៏បានចំអកឱ្យ Apple ចំពោះមុខងារមួយចំនួនដែលអ្នកប្រើប្រាស់ iPhone ទន្ទឹងរង់ចាំផងដែរ ដោយក្នុងនោះ Samsung បានធ្វើការប្រៀបធៀបទៅលើមុខងារពិសេសៗនៅលើ Galaxy Z Flip 4 ទៅនឹង iPhone 14 រួមជាមួយរូបរាង កាមេរ៉ា ក៏ដូចជាសមត្ថភាពថត Zoom និងតម្លៃផងដែរ៕