(ភ្នំពេញ)៖ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បានអនុម័តប្រភេទកីឡារួចរាល់ហើយ ដោយសម្រេចយកកីឡា ១៣ប្រភេទ សម្រាប់ការប្រកួតប្រជែងមេដាយ បូកកីឡាសម្ដែង ១ប្រភេទ (កីឡាមិនរាប់បញ្ចូលមេដាយ) ។ នេះបើតាមការបញ្ជាក់របស់លោក យី វាសនា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMAPGOC) ក្រោយបញ្ចប់កិច្ចប្រជុំ ២ថ្ងៃ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូនេះ ថ្នាក់ដឹកនាំកីឡាជនពិការកម្ពុជាខាងលើ បានបញ្ជាក់ថា កាលពីកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកីឡាជនពិការអាស៊ាន នៅឥណ្ឌូនេស៊ី បានអនុម័តកីឡា ១២ប្រភេទ តែមានកីឡា ១ប្រភេទត្រូវដាក់បន្ថែម ហើយពេលនេះ បានឯកភាពលើកីឡា១ប្រភេទទៀត ដែលនាំឲ្យមានការសម្រេចចុងក្រោយ គឺកំណត់យកកីឡា ១៣ប្រភេទ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បូកទាំងកីឡាសម្ដែង ១ (Demonstration) ដែលកំណត់យកកីឡាអេឡិចត្រូនិក (E-Sports) តែមិនរាប់បញ្ចូលមេដាយឡើយ ។
អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាខាងលើ បានគូសបញ្ជាក់ថា កីឡា ១៣ប្រភេទ ដែលត្រូវបានអនុម័តរួចរាល់ រួមមានកីឡាអត្តពលកម្មជនពិការ, កីឡាហែលទឹកជនពិការ, កីឡាវាយសីជនពិការ, កីឡាបាល់ទាត់ ៥ម្ខាង, កីឡាបាល់ទាត់ ៧ម្ខាង, កីឡាលើកទម្ងន់ជនពិការ, កីឡាបូស្យាជនពិការ, កីឡាវាយកូនឃ្លីលើតុជនពិការ, កីឡាយូដូជនពិការ, កីឡាបាល់បោះជិះរទេះជនពិការ, កីឡាបាល់បោះជនពិការភ្នែក, កីឡាបាល់ទះអង្គុយ និងកីឡាអុក ។
លោក យី វាសនា បន្ថែមថា «១៣ប្រភេទកីឡានេះ បានសម្រេចរួចហើយ ក្នុងនោះ យើងកំពុងតែត្រៀមលក្ខណៈ ជាក់ស្ដែង។ ថ្ងៃនេះ ក៏មានប្រជុំដែរ ដើម្បីរៀបចំឲ្យចេញជាព្រឹត្តិការណ៍កីឡា ឬជាវិញ្ញាសាតាមប្រភេទកីឡានីមួយៗ។ បើតាមការគ្រោងទុកជាបទពិសោធន៍ នៅឥណ្ឌូនេស៊ី វិញ្ញាសាទាំងអស់មានប្រមាណជាង ៤០០។ កាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី គឺមាន ១៤ប្រភេទកីឡា ហើយនៅកម្ពុជាមាន ១៣ប្រភេទកីឡា។ អ៊ីចឹងវិញ្ញាសាដែលយើងគ្រោងរៀបចំ មិនទាន់កំណត់ជាក់លាក់នោះទេ ប៉ុន្ដែប្រហាក់ប្រហែលជាង ៤០០វិញ្ញាសា» ។
ក្រឡេកទៅចាប់អារម្មណ៍ដំណើរការចុះឈ្មោះចូលរួមវិញ លោកពន្យល់ថា មាន ៣ដំណាក់កាល ក្នុងដំណាក់កាលទី១ បានបញ្ចប់ហើយ គឺជាការចុះឈ្មោះប្រទេស ទៅតាមប្រភេទកីឡានីមួយៗ។ រីឯដំណាក់កាលទី២ គឺជាការចុះឈ្មោះចំនួនប្រតិភូ មន្ដ្រី និងកីឡាករ-កីឡាការិនីសរុបប៉ុន្មាននាក់ ដែលត្រូវបញ្ចប់ត្រឹមខែមករា ឆ្នាំ២០២៣ និងដំណាក់កាលទី៣ គឺការចុះឈ្មោះតាមឯកត្តបុគ្គលនីមួយៗ។ ជាឧទាហរណ៍ ការបញ្ជាក់ឈ្មោះប្រតិភូដឹកនាំ និងឈ្មោះកីឡាករ-កីឡាការិនីច្បាស់ៗ ទៅតាមប្រភេទវិញ្ញាសាដែលខ្លួនចូលរួមប្រកួត ដែលគ្រោងនឹងបញ្ចប់នៅកំឡុងខែកុម្ភៈ មុនឈានដល់ការប្រកួតពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ៕