(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំ «ទិវាគ្រួសារប្រចាំឆ្នាំ២០២២» សម្រាប់មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សសាខាសែនសុខ១ និងសែនសុខ២ នៅទីតាំងសាលា អន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ (សែនសុខ១) ដែលមានអាសយដ្ឋានផ្ទះលេខ១០៧ ផ្លូវលេខ២០០៤ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងកម្មវិធីនេះ សាលាបានរៀបចំក្រោមប្រធានបទ «អនុវត្តទម្លាប់នៃការគិត៖ ការស្ដាប់ដោយព្យាយាម ស្វែងយល់ និងបង្ហាញសមានចិត្ត» ដោយមានការចូលរួមពីសំណាក់ប្អូនៗសិស្សានុសិស្ស មាតាបិតា អ្នក អាណាព្យាបាល ក្រុមប្រឹក្សាសិស្សនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងដៃគូសហការមួយចំនួនដូចជា៖ វីអ៊ី (ខេមបូឌា) (VE Cambodia), អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន (AIA Cambodia Life Insurance), Orkide Development, Doozii, ធនាគារ ហ្វីលីព (Phillip Bank), ធនាគារប្រៃសណីយ៍ កម្ពុជា (CP Bank), MYTEB Malaysia, ធនាគារ អេប៊ីអេ (ABA Bank) និង English Books Club ជាដើម។
ក្នុងកម្មវិធីនេះផងដែរ ប្អូនៗសិស្សានុសិស្ស នៃសាលាអន្តរជាតិ CIA FIRST បានរៀបចំកម្មវិធីកម្សាន្ត តូបលក់ម្ហូបអាហារ និងភេសជ្ជៈ ហើយថវិកាមួយផ្នែក ដែលទទួលបានសកម្មភាពទាំងនេះ ពួកគេនឹងរៀបចំផ្ដល់ជូនដល់អង្គការ ក្នុងស្រុកចំនួន ២ គឺ Helping Hands Cambodia និង អង្គការមូលនិធិកុមារកម្ពុជា (CCF) សម្រាប់ចូលរួមកិច្ចការមនុស្សធម៌។
ទន្ទឹមគ្នានេះ សាលាបានរៀបចំសកម្មភាពកម្សាន្ដ ប្រកបដោយខ្លឹមសារ និងវត្ថុបំណងអប់រំជាច្រើន ដែលអ្នកចូលរួមអាចរីករាយរួមគ្នា ជាមួយនឹងសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដូចជាការសម្ដែងសិល្បៈ របាំ ចម្រៀង ការប្រគំតន្ត្រីជាក្រុមរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ការថតរូបអនុស្សាវរីយ៍ និងលេងល្បែង កម្សាន្ដរួមគ្នាជាច្រើនទៀត។
គួររម្លឹកឡើងវិញថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំព្រឹត្តិការណ៍ «ទិវាគ្រួសារប្រចាំឆ្នាំ ២០២២» ប្រកបដោយភាពជោគជ័យមួយលើករួចមកហើយ នៅសាខាច្បារអំពៅ កាលពីថ្ងៃសៅរ៍ ទី១០ ខែធ្នូ កន្លងមក ដោយមានអ្នកចូលរួមជាង១,៥០០នាក់។
ក្នុងទិវាគ្រួសារលើកទី២នេះ សាលារំពឹងថា នឹងមានការ ចូលរួមពីមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សប្រមាណជាង ៣,០០០ នាក់បន្ថែមទៀត៕