(ម៉ាឌ្រីត)៖ ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Sergio Busquets នៅពេលនេះបានសម្រេចិត្តប្រកាលចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ បន្ទាប់ពីចំណាយពេលប្រមាណ ១៥ឆ្នាំមកនេះ ក្រោយពេលខកចិត្តធ្លាក់ត្រឹមវគ្គ ១៦ក្រុមនៅ World Cup 2022 នេះ។
បុរសវ័យ ៣៤ឆ្នាំ Sergio Busquets បានឈ្នះពានរង្វាន់ World Cup 2010 និងពានអឺរ៉ុប European Championship 2012 ជាមួយក្រុមអេស្ប៉ាញ ខណៈដែលលោកបានបង្ហាញអារម្មណ៍លើកប្រព័ន្ធផ្សព្វផ្សាយថា «វាជាកិតិ្តយសណាស់ដែលបានតំណាងឲ្យជម្រើសជាតិរបស់ខ្ញុំ និងលេងបាន ១៤៣ប្រកួតនៃរយៈពេលជិត ១៥ឆ្នាំ ពេលវេលាបានមកដល់ហើយក្នុងការលាក្រុមជម្រើសជាតិ»។
ការចូលរួមជាមួយអេស្ប៉ាញ Sergio Busquets បានចូលលេងលើកដំបូងនៅឆ្នាំ២០០៩ ក្នុងជំនួបវគ្គជម្រុះ World Cup ដែលប៉ះជាមួយក្រុមតួកគី និងបានបន្តជាប់ជម្រើសនៅ World Cup ៤លើក និងពានអឺរ៉ុប Euro ចំនួន ៣លើក។
Sergio Busquets ជាកីឡាករខ្សែបម្រើការពារកណ្តាលម្នាក់នៃក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសចូលនិវត្តន៍ បន្ទាប់ពីលោក Xavi និងលោក Andres Iniesta ដែលសុទ្ធជាកីឡាករអាជីពរបស់ក្លិប FC Barcelona។